អបអរសាទរ! កម្ពុជា ឈ្នះមេដាយប្រវត្តិសាស្ត្រនៅ Asian Beach Games លើកទី៦ នៅចិន

អបអរសាទរ! កម្ពុជា ឈ្នះមេដាយប្រវត្តិសាស្ត្រនៅ Asian Beach Games លើកទី៦ នៅចិន

រាជធានីភ្នំពេញ ៖ ក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី៦ (6th Asian Beach Games) នៅទីក្រុង Sanya ប្រទេសចិន កម្ពុជាបានដណ្ដើមបានមេដាយប្រាក់ចំនួន ១គ្រឿង លើវិញ្ញាសាឯកត្តជននារីកីឡាអាគ័រត្លុង (Women Individual Aquathlon – រត់ និងហែល) កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

កីឡាការិនី Margot Morokot

កីឡាការិនី Margot Morokot ដែលជាកូនកាត់ខ្មែរ-បារាំង គឺជាអ្នកដណ្ដើមបានមេដាយខាងលើឱ្យកម្ពុជា ក្នុងចំណោមកីឡាការិនីចំនួន ២៧រូប មកពី ១៥ប្រទេស។ ការឈ្នះមេដាយនេះគឺជារឿងគួរឱ្យអបអរខ្លាំងណាស់ ដោយវាបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសសមាជិកអាស៊ានមុនគេ ដែលឈ្នះមេដាយកីឡាឆ្នេរខ្សាច់ប្រចាំទ្វីបអាស៊ី។

Margot Morokot កូនកាត់ខ្មែរ-បារាំង

ព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុបចំនួន ៣២រូប ចូលរួមប្រកួត ៤ប្រភេទកីឡា រួមមាន៖ ជឺជីតស៊ូ ទ្រីអាត្លុង បាល់ទាត់លើតុ និងចំបាប់។

ក្រុមកីឡាករកម្ពុជា

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាប្រធានប្រតិភូ បានថ្លែងថា ការចូលរួមឆ្នាំនេះមានភាពខុសប្លែកពីលើកមុនៗ ដោយក្រសួងបានសម្រេចបញ្ជូនអត្តពលិកតែ ៤ប្រភេទកីឡាប៉ុណ្ណោះ ដើម្បីរួមចំណែកកាត់បន្ថយចំណាយជាមួយរាជរដ្ឋាភិបាល។

ឯកឧត្តម វ៉ាត់ ចំរើន

លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់ឱកាសដល់ក្រុមអត្តពលិកចូលរួមប្រកួត ទោះបីកាលៈទេសៈសេដ្ឋកិច្ចសកលមិនសូវអំណោយផល ដើម្បីរក្សាសិទ្ធិសមាជិកភាពរបស់ចលនាអូឡាំពិកអាស៊ី។

ការប្រកួតកីឡាឆ្នេរខ្សាច់

សូមរំលឹកថា ក្នុងការចូលរួមលើកចុងក្រោយ កម្ពុជាទទួលបានមេដាយមាស ៦គ្រឿង ប្រាក់ ៦គ្រឿង និងសំរឹទ្ធ ៩គ្រឿង ពីព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី កាលពីឆ្នាំ២០១៦ នៅក្រុង Da Nang ប្រទេសវៀតណាម។

មេដាយប្រាក់របស់កម្ពុជា

administrator

Related Articles