រាជធានីភ្នំពេញ៖ កម្ពុជាបានសម្រេចបញ្ជូនក្រុមអត្តពលិកជម្រើសជាតិចំនួន៤ប្រភេទកីឡា រួមមាន ជឺជីតស៊ូ (Jujitsu), ទ្រីអាត្លុង (Triathlon), បាល់ទាត់លើតុ (Table Soccer) និងចំបាប់ (Wrestling) ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ីឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅក្រុងសាន់យ៉ា (Sanya) សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា។

ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឱ្យដឹងនៅក្នុងពិធីចេញដំណើរកាលពីព្រឹកថ្ងៃទី២១ មេសា នៅអាកាសយានដ្ឋានអន្តរជាតិតេជោថា នេះជាលើកទី៦ហើយដែលកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍នេះ។ អ្វីដែលខុសប្លែកពីលើកមុនៗ គឺការចូលរួមឆ្នាំនេះ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងអគ្គនាយកដ្ឋានកីឡា បានសម្រេចបញ្ជូនតែ៤ប្រភេទកីឡាប៉ុណ្ណោះ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដមបានសម្ដែងសង្ឃឹមថា កម្ពុជានឹងអាចទទួលបានលទ្ធផលជាទីគាប់ចិត្តវិលត្រលប់មកមាតុភូមិវិញ។ ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់ឱកាសឱ្យក្រុមអត្តពលិកចូលរួមប្រកួត ទោះបីកាលៈទេសៈសេដ្ឋកិច្ចសកលមិនសូវអំណោយផលក៏ដោយ ដើម្បីរក្សាសិទ្ធិជាសមាជិកភាពរបស់ចលនាអូឡាំពិកអាស៊ី។

ឯកឧត្ដមបន្តថា កម្ពុជានឹងពិនិត្យលទ្ធភាពចូលរួមនៅព្រឹត្តិការណ៍៤ឆ្នាំទៀត ដែលនឹងប្រព្រឹត្តទៅនៅក្រុងសេប៊ូ (Cebu) ប្រទេសហ្វីលីពីន។ សូមរំឭកថា ក្នុងការចូលរួមលើកចុងក្រោយបង្អស់ កម្ពុជាទទួលបានមេដាយមាស៦គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធ៩គ្រឿងពីព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ី កាលពីឆ្នាំ២០១៦ នៅក្រុងដាណាង (Da Nang) ប្រទេសវៀតណាម។
