កម្មវិធីរត់ប្រណាំង «១ម៉ីនជំហាន ដើម្បីសិស្ស១ម៉ឺននាក់» រំពឹងមានអ្នកចូលរួមជិត ៣ពាន់នាក់

កម្មវិធីរត់ប្រណាំង «១ម៉ីនជំហាន ដើម្បីសិស្ស១ម៉ឺននាក់» រំពឹងមានអ្នកចូលរួមជិត ៣ពាន់នាក់

រាជធានីភ្នំពេញ៖ កម្មវិធីរត់ប្រណាំងដ៏ធំមួយ ដែលមានឈ្មោះថា «១ម៉ីនជំហាន ដើម្បីសិស្ស១ម៉ឺននាក់» ក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន» នឹងធ្វើឡើងជាលើកដំបូងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។

កម្មវិធីរត់ប្រណាំង

កម្មវិធីនេះទទួលបានការគាំទ្រពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា ដោយរំពឹងថានឹងមានអ្នកចុះឈ្មោះចូលរួមចាប់ពី ២,០០០ ដល់ ៣,០០០ នាក់។ គិតមកត្រឹមថ្ងៃនេះ ការចុះឈ្មោះបានជាង ៥០០ នាក់ហើយ។

នៅក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កម្មវិធីនេះជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយដំបូងបង្អស់នៅកម្ពុជា។

សន្និសីទសារព័ត៌មាន

ឯកឧត្តមបានឱ្យដឹងទៀតថា កម្មវិធីនេះទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមបានផ្ដល់នូវអនុសាសន៍ផ្ដាំផ្ញើថា ការអានគឺជាមូលដ្ឋានគ្រឹះសំខាន់នៃការអប់រំប្រកបដោយគុណភាព។

យុទ្ធនាការនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នាមួយដ៏សំខាន់ និងមានឥទ្ធិពលវិជ្ជមានក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល។

ទីតាំងដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភាខាងមុខនេះ គឺស្ថិតនៅកោះនរា និងកោះពេជ្រ។ លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតង់ បានសំណូមពរទៅដល់បងប្អូនអ្នកសារព័ត៌មានជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

អត្ថបទសរសេរដោយ អ៊ុំ សំអូន
កែសម្រួលដោយ សារ៉ា ចន្ទ

administrator

Related Articles