ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ លោក Bernardo Silva បានប្រកាសជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះថា គាត់នឹងចាកចេញពីក្លឹប Manchester City នៅចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់។

លោក Silva វ័យ 31 ឆ្នាំ ដែលកំពុងលេងរដូវកាលទី 9 របស់គាត់ជាមួយក្លឹប Man City បានចូលរួមក្លឹបនេះពីឆ្នាំ 2017/2018 ក្រោយមកពីក្លឹប Monaco ប្រទេសបារាំង។ តាមស្ថិតិ ខ្សែបម្រើរូបនេះបានបង្ហាញខ្លួនជាផ្លូវការចំនួន 451 ប្រកួតសម្រាប់ក្លឹបអង់គ្លេស ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករទី 6 ក្នុងបញ្ជីដែលបង្ហាញខ្លួនច្រើនជាងគេសម្រាប់ក្លឹប Man City។

ជាផលិតផលមួយរបស់សាលាបាល់ទាត់ Benfica កីឡាករ Bernardo Silva បានចាកចេញពីទីក្រុង Lisbon ក្នុងឆ្នាំ 2014 ដើម្បីចូលរួមជាមួយ Monaco។ ក្រោយមក ខ្សែបម្រើរូបនេះបានផ្លាស់ទៅ Manchester City ហើយគាត់បានឈ្នះពានរង្វាន់ធំៗដូចជា Champions League និងពានរង្វាន់ Premier League ចំនួនប្រាំមួយ។
ក្នុងរដូវកាលនេះ ក្នុងនាមជាប្រធានក្រុម គាត់បានលេងផ្លូវការចំនួន 44 ប្រកួត ដោយស៊ុតបញ្ចូលទីបានបីគ្រាប់ខ្លួនឯង និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានប្រាំដង។ ការចាកចេញរបស់លោក Silva នឹងជាការបញ្ចប់យុគសម័យមួយសម្រាប់ក្លឹប Manchester City។
ដោយ៖ ភារៈ
