រាជធានីភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តទៅដោយរលូន ស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់ប្រពៃណីតាមរយៈការចូលរួមយ៉ាងល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង។

សម្ដេចបវរធិបតី បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ក្រសួង/ស្ថាប័ន កងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមប្រចាំការ និងបំពេញភារកិច្ចរបស់ខ្លួន បម្រើឱ្យពិធីបុណ្យចូលឆ្នាំខ្មែររៀបចំទៅបានដោយភាពសប្បាយរីករាយ និងសេចក្ដីសុខសុវត្ថិភាពជូនដល់ប្រជាជនខ្មែរ និងភ្ញៀវទេសចរណ៍ទាំងអស់។

ជាមួយគ្នានេះដែរ សម្ដេចបវរធិបតី ក៏សូមថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្ម័គ្រចិត្តទាំងអស់ រួមទាំងបងប្អូនអ្នកអនាម័យបរិស្ថាន អ្នកបើកបរ និងក្រុមការងារពាក់ព័ន្ធដែលបានធ្វើការលះបង់ ស្ម័គ្រចិត្តចូលរួមបម្រើការ សហការ និងរៀបចំព្រឹត្តិការនគរសង្ក្រាន្តនៅរាជធានីភ្នំពេញ និងសង្ក្រាន្តទូទាំងប្រទេស។

ក្នុងន័យនេះ សម្ដេចបវរធិបតី ថ្លែងអំណរគុណផងដែរដល់វីរកងទ័ពទាំងអស់ ដែលនៅកំពុងបន្តឈរជើងយ៉ាងរឹងមាំតាមតួនាទី និងភារកិច្ចរបស់ខ្លួនគ្រប់ទីតាំង ដើម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរត្រឡប់ទៅកាន់កន្លែងបំពេញការងារ មុខរបរទាំងអស់ សូមសមប្រកបដោយសុខសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ សេវាកម្មរថយន្តក្រុងរបស់សាលារាជធានី ក៏នៅកំពុងបម្រើសេវាជូនដល់បងប្អូនដោយមិនគិតថ្លៃផងដែរ ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយ និងសុខសុវត្ថិភាព។
អត្ថបទសរសេរដោយ សហការី
កែសម្រួលដោយ សោម វិសាល
