ឯកឧត្តម វ៉ាត់ ចំរើន បន្តដឹកនាំសហព័ន្ធគុនចម្រុះ រៀបចំព្រឹត្តិការណ៍ពានរង្វាន់សម្ដេចមហាបវរធិបតីឡើងវិញ

ឯកឧត្តម វ៉ាត់ ចំរើន បន្តដឹកនាំសហព័ន្ធគុនចម្រុះ រៀបចំព្រឹត្តិការណ៍ពានរង្វាន់សម្ដេចមហាបវរធិបតីឡើងវិញ

រាជធានីភ្នំពេញ – ឯកឧត្តម វ៉ាត់ ចំរើន បានឡើងធ្វើជាប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជាអាណត្តិថ្មីរហូតដល់ឆ្នាំ២០៣០ ដោយមានគម្រោងរៀបចំឱ្យមានការប្រកួតដណ្ដើមពានរង្វាន់គុនចម្រុះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឡើងវិញ។

ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធគុនចម្រុះ

ការលើកឡើងរបស់ឯកឧត្តមវ៉ាត់ ចំរើន ធ្វើឡើងក្នុងគោលបំណងអភិរក្ស និងលើកស្ទួយវិស័យកីឡាគុនចម្រុះឱ្យកាន់តែមានការរីកចម្រើន។ ប្រមុខសហព័ន្ធកីឡាគុនចម្រុះរូបនេះមានប្រសាសន៍ថា លោកនឹងបន្តរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាគុនចម្រុះពានរង្វាន់សម្ដេចមហាបវរធិបតីឡើងវិញនៅឆ្នាំក្រោយ ប្រសិនបើវិបត្តិព្រំដែនដោះស្រាយរួចរាល់។

ការប្រកួតគុនចម្រុះ

ឯកឧត្តមបានផ្ដល់ទំនុកចិត្តក្នុងការបន្តដឹកនាំសហព័ន្ធកីឡាគុនចម្រុះអាណត្តិថ្មីឱ្យកាន់តែមានការរីកចម្រើន។ ជាពិសេសជំរុញការរៀបចំផែនការយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀតដូចជាការរៀបចំឱ្យមានការប្រកួតកាន់តែច្រើនទាំងក្នុងនិងក្រៅប្រទេស។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា សហព័ន្ធកីឡាគុនចម្រុះបានធ្វើការងារច្រើនជាមួយរាជរដ្ឋាភិបាល ពិសេសក្រោមការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញការងារយុទ្ធគុនចម្រុះខ្មែរបុរាណ ផ្ដល់នូវភាពកក់ក្ដៅក្នុងការអភិវឌ្ឍកីឡាគុនចម្រុះជាតិ។

ក្បាច់គុនខ្មែរបុរាណ

គួរឱ្យដឹងដែរថា ក្នុងការបន្តធ្វើជាប្រធានសម្រាប់អាណត្តិថ្មីនៃសហព័ន្ធកីឡាគុនចម្រុះកម្ពុជា ឆ្នាំ ២០២៦-២០៣០ របស់ឯកឧត្តម វ៉ាត់ចំរើន អមដោយអនុប្រធាន៤រូប គឺឯកឧត្តម វ៉ាស៊ិន ភិរម្យ លោកបណ្ឌិត សេង ប៊ុនសុង លោក ម៉ុង សាំងឃុន និងលោក អ៊ូ តារា។ ចំណែកលោក ជឹម ធារ៉ា បន្តតំណែងជាអគ្គលេខាធិការ អមដោយអគ្គលេខាធិការរង៣រូបទៀត។

សហព័ន្ធគុនចម្រុះកម្ពុជា

សូមរំឭកថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចមហាបវរធិបតី ត្រូវបានរៀបចំឡើងលើកដំបូងក្នុងឆ្នាំ២០២៤ ដោយមានការចូលរួមពីអ្នកលេងក្បាច់គុនជាច្រើន ជាពិសេសក្បាច់គុនខ្មែរបុរាណ ក្នុងន័យលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនមរតកជាតិ។

administrator

Related Articles