រថយន្តលុចស៍បុកតូយ៉ូតានៅស្តុបផ្លូវបំបែកជាបួន បណ្តាលរបួសធ្ងន់៣នាក់

រថយន្តលុចស៍បុកតូយ៉ូតានៅស្តុបផ្លូវបំបែកជាបួន បណ្តាលរបួសធ្ងន់៣នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅស្តុបផ្លូវបំបែកជាបួន ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ នៅពេលរថយន្តលុចស៍ CT 200h បើកបរដោយជនបរទេសម្នាក់បុករថយន្តតូយ៉ូតា PRIUS បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់។

រថយន្តខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីបុកគ្នា

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២:៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៣។ តាមការបញ្ជាក់ពីកន្លែងកើតហេតុ បុរសម្នាក់បានបើករថយន្តតូយ៉ូតា PRIUS ផ្លាកលេខ ភ្នំពេញ 2BL-7608 រួមដំណើរជាមួយប្រពន្ធធ្វើដំណើរពីកើតទៅលិច។

ទីតាំងកើតហេតុនៅស្តុបផ្លូវបំបែកជាបួន

លុះពេលបើកមកដល់ត្រង់ចំណុចស្តុប រថយន្តតូយ៉ូតាបានបត់ឆ្វេងឆ្លងស្តុប តែស្រាប់តែមានរថយន្តលុចស៍ CT 200h ពណ៌ស ផ្លាកលេខ ភ្នំពេញ 2CA-2559 បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយនារីខ្មែរម្នាក់ទៀត ធ្វើដំណើរពីលិចទៅកើតឆ្លងស្តុបក្នុងល្បឿនលឿន ហើយជ្រុលទៅបុករថយន្តតូយ៉ូតាពីមុខចំហៀងខាងស្ដាំ។

រថយន្តទាំងពីរខូចខាតយ៉ាងខ្លាំង

ការបុកគ្នាយ៉ាងខ្លាំងបណ្តាលឱ្យភាគីម្ចាស់រថយន្តតូយ៉ូតា ដែលជាប្ដីប្រពន្ធ ខ្ទាតចេញពីរថយន្តធ្លាក់មកខាងក្រៅ រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាម។ ចំណែកឯនារីជាជនជាតិខ្មែរ ភាគីម្ចាស់រថយន្តលុចស៍ ក៏ត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនក្បែរនោះផងដែរ។

មន្ត្រីចរាចរណ៍ធ្វើការវាស់វែងនៅកន្លែងកើតហេតុ

បន្ទាប់ពីកើតហេតុ ភាគីសងខាងបានសម្រួលគ្នា ហើយមន្ត្រីជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយនៅពេលក្រោយ។

ដោយ៖ ភារ៉ា ដង្កោ

administrator

Related Articles