
ភ្នំពេញ – នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានងាកមកគាំទ្រគោលដៅរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU) បន្ទាប់ពីដៃគូនយោបាយរបស់លោកនៅហុងគ្រី លោក Victor Orban បានចាញ់ការបោះឆ្នោត។

ក្នុងសេចក្តីថ្លែងការណ៍វីដេអូនៅលើហ្វេសប៊ុក លោក Fico បានបញ្ជាក់ថា៖ «អ៊ុយក្រែនពិតជាមិនទាន់ត្រៀមខ្លួនរួចរាល់ទាំងស្រុង ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុបនៅពេលនេះទេ។ ទីក្រុងកៀវត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ប្រទេសបេក្ខជនឲ្យបានពេញលេញ មុនពេលអាចបន្តដំណើរការចរចាបន្ថែមទៀត»។

ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ច្បាស់ពីលក្ខខណ្ឌណាខ្លះដែលអ៊ុយក្រែននៅខ្វះខាតនោះទេ។ តាមបទប្បញ្ញត្តិ EU ប្រទេសបេក្ខជនត្រូវតែបំពេញស្តង់ដារទាក់ទងនឹងនីតិរដ្ឋ កំណែទម្រង់តុលាការ ការប្រឆាំងអំពើពុករលួយ និងសមត្ថភាពសេដ្ឋកិច្ច។

អ៊ុយក្រែនទទួលបានឋានៈបេក្ខជនជាផ្លូវការនៅឆ្នាំ២០២២ ហើយការចរចាចូលជាសមាជិកត្រូវបានបើកនៅចុងឆ្នាំ២០២៣។ ទោះជាយ៉ាងណា ដំណើរការនេះអាចយកពេលជាច្រើនឆ្នាំ ដោយសារអ៊ុយក្រែននៅតែប្រឈមមុខនឹងសង្គ្រាម និងបញ្ហាសេដ្ឋកិច្ច។

លោក Fico បន្តអំពាវនាវឲ្យមានបទឈប់បាញ់នៅអ៊ុយក្រែន និងជំរុញឲ្យដំណើរការចូលរួម EU កើតឡើងដោយប្រុងប្រយ័ត្ន និងផ្អែកលើការបំពេញស្តង់ដារយ៉ាងពេញលេញ។
