
ភ្នំពេញ – រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានបង្ហាញទស្សនៈសុទិដ្ឋិនិយមថា បទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលផុតកំណត់នៅថ្ងៃពុធសប្តាហ៍នេះ នឹងត្រូវពង្រីកបន្តទៀត។
ការពង្រីកនេះនឹងអនុញ្ញាតឱ្យមានពេលវេលាវែងបន្ថែមទៀតសម្រាប់ការចរចាសន្តិភាព ដើម្បីបញ្ចប់ជម្លោះរវាងភាគីទាំងពីរ។
យោងតាមសារព័ត៌មាន AFP ផ្សាយថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ប្រទេសប៉ាគីស្ថានកំពុងដឹកនាំរៀបចំសម្រាប់ការចរចាសន្តិភាពកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បន្ទាប់ពីជុំទីមួយបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ កាលពីចុងសប្តាហ៍មុន។

លោក Fidan បានលើកឡើងក្នុងពិធីបិទវេទិកាការទូតរយៈពេលបីថ្ងៃនៅភាគខាងត្បូងខេត្ត Antalya ថា៖ «គ្មាននរណាម្នាក់ចង់ឃើញសង្គ្រាមថ្មីផ្ទុះឡើង ពេលដែលបទឈប់បាញ់ផុតកំណត់នៅសប្តាហ៍ក្រោយនោះទេ។ យើងសង្ឃឹមថាភាគីនានានឹងបន្តបទឈប់បាញ់។ ខ្ញុំមានសុទិដ្ឋិនិយមលើរឿងនេះ។»
មិនតែប៉ុណ្ណោះ ប្រទេសតួកគី និងអេហ្ស៊ីប បានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះគំនិតផ្តួចផ្តើមដឹកនាំដោយប៉ាគីស្ថាន ស្តីពីការពន្យារពេលការចរចា និងការការពារការវិលត្រឡប់ទៅរកជម្លោះវិញ។

លោក Fidan បន្តថា៖ «ការបន្តការចរចាគឺជាអ្វីដែលសហគមន៍អន្តរជាតិទាំងមូលចង់បាន ហើយក៏មានសម្ពាធគួរឱ្យកត់សម្គាល់នៅក្នុងរឿងនេះ។ ក្រោមកម្រិតសម្ពាធនេះ ខ្ញុំជឿថាភាគីនានាមិនគួរមើលឃើញឧបសគ្គណាមួយ ចំពោះការពង្រីកបទឈប់បាញ់ដើម្បីបន្តការចរចាសន្តិភាពនោះទេ។»
ទោះបីជាមានសុទិដ្ឋិនិយមនិងចលនាក្នុងការចរចាក៏ដោយ អ៊ីរ៉ង់បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយគឺនៅឆ្ងាយ។
លោក Fidan បញ្ជាក់បន្ថែមថា៖ «វាច្បាស់ណាស់ថា ការចរចាបានឈានដល់ដំណាក់កាលដ៏សំខាន់មួយ។ ភាគីទាំងពីរកំពុងបន្តការចរចាដោយភាពស្មោះត្រង់ពិតប្រាកដ។ ពួកគេក៏មានឆន្ទៈក្នុងការរក្សាដំណើរការនេះផងដែរ។»
