ពិភពលោកកំពុងផ្ទុះប្រតិកម្មយ៉ាងខ្លាំងក្រោយឃ្លីបវីដេអូមួយបង្ហាញពីទាហានអ៊ីស្រាអែលយកញញួរដំកម្ទេចរូបសំណាកព្រះយេស៊ូក្នុងពេលចូលឈ្លានពានភាគខាងត្បូងប្រទេសលីបង់។ ទង្វើនេះត្រូវបានចាត់ទុកជាការមើលងាយសាសនាយ៉ាងធ្ងន់ធ្ងរ។

វីដេអូដ៏រសើបនេះត្រូវបានចែកចាយដំបូងដោយអ្នកកាសែតប៉ាឡេស្ទីនឈ្មោះ Younis Tirawi នៅលើបណ្តាញសង្គម X នាថ្ងៃចន្ទទី២០ ខែមេសា ឆ្នាំ២០២៦។ គេអះអាងថា ហេតុការណ៍កើតឡើងនៅក្នុងសហគមន៍គ្រិស្ត Dibil ក្នុងស្រុក Bint Jbeil ភាគខាងត្បូងប្រទេសលីបង់។
ការផ្សាយវីដេអូនេះបានបង្កឲ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ សូម្បីតែអតីតតំណាងរាស្រ្តអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោកស្រី Marjorie Taylor Greene ក៏បានស៊ែរវីដេអូនេះដោយសរសេរថា៖ «នេះឬជាសម្ព័ន្ធមិត្តដ៏អស្ចារ្យបំផុតរបស់យើង ដែលយកលុយពន្ធរាប់ពាន់លានដុល្លារ និងអាវុធរបស់យើងជារៀងរាល់ឆ្នាំ»។

ដោយសារតែមានប្រតិកម្មខ្លាំងពេក អ៊ីស្រាអែលក៏បានប្រកាសបើកការស៊ើបអង្កេតហេតុការណ៍នេះ។ កងទ័ពអ៊ីស្រាអែល (IDF) បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនយកចិត្តទុកដាក់បំផុតចំពោះហេតុការណ៍នេះ និងអះអាងថា បើជាការពិត ទង្វើរបស់ទាហានរូបនេះពិតជាមិនសមទៅនឹងតម្លៃរបស់កងទ័ពខ្លួនឡើយ។
យោងតាមច្បាប់អន្តរជាតិ សកម្មភាពបំផ្លាញទ្រព្យសម្បត្តិសាសនាដោយចេតនាក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធអាចត្រូវបានចាត់ទុកថាជា «ឧក្រិដ្ឋកម្មសង្គ្រាម»។ អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ការពារទ្រព្យសម្បត្តិវប្បធម៌និងសាសនា ហើយហាមដាច់ខាតការវាយប្រហារ បំផ្លិចបំផ្លាញ ឬរឹបអូសយកវត្ថុសក្ការៈសាសនា។

លក្ខន្តិកៈទីក្រុងរ៉ូម ដែលបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចែងថា ការវាយប្រហារដោយចេតនាលើអាគារដែលឧទ្ទិសដល់សាសនា ការអប់រំ សិល្បៈ វិទ្យាសាស្ត្រ ឬសប្បុរសធម៌ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ប្រសិនបើទីតាំងនោះមិនមែនជាគោលដៅយោធា។
អត្ថបទ៖ សុខ សុវណ្ណ
