ពោធិ៍សាត់៖ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ពីគ្រប់ទិសទីបានហូរហែគ្នាមកឆ្លងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយ៉ាងភ្លូកទឹកភ្លូកដីនៅវត្តបាកាន ខេត្តពោធិ៍សាត់ ដែលជាវត្តដ៏ល្បីល្បាញដោយសារជំនឿលើព្រះអង្គបែព្រះភ័ក្រទៅទិសខាងលិច និងដើមពោធិ៍រសាត់បញ្ច្រាសទឹកដ៏មានបារមី។

នៅក្នុងពិធីឆ្លងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្មាំមមី អដ្ឋស័ក ព.ស២៥៧០ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ គណៈកម្មការវត្តបានរៀបចំពិធីស្រង់ព្រះតាមប្រពៃណីព្រះពុទ្ធសាសនា និងពិធីប្រោះព្រំសុគន្ធវារីដល់ព្រះតេជគុណសុតន្តោ ឡាយ កន ព្រះគ្រូចៅអធិការវត្ត ដើម្បីរំឭកគុណគ្រូនិងដឹងគុណគ្រូ។
ការដឹងគុណគ្រូនេះបានក្លាយជាចលនាជាតិដ៏ផុសផុលមួយ ដែលបានស្តែងឡើងតាមរយៈការជួបជុំសិស្ស អតីតសិស្សជាមួយគ្រូបង្រៀន ដើម្បីប្រារព្ធពិធីនៅតាមសាលារៀន និងការបង្កើតឱកាសជួបជុំគ្នា។
ពិធីឆ្លងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅវត្តបាកានបានដំណើរការទៅយ៉ាងគគ្រឹគគ្រេង ដែលមានមនុស្សម្នា ស្រីប្រុស ចាស់ក្មេង យ៉ាងណែនណាន់តាន់តាប់ មកទស្សនាការសម្ដែងសិល្បះ លេងល្បែងប្រជាប្រិយ ការប្រកួតកីឡា និងការរាំលេងកំសាន្ត។

ឆ្នាំនេះ រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យលេងគប់ទឹកនិងប៉ាតម្ស៉ៅនោះទេ ចំណែកនៅវត្តបាកានដោយសារអាកាសធាតុក្ដៅខ្លាំងពេក គណៈកម្មការបានបាញ់ទឹកប្រាយឡើងលើ ធ្វើជាភ្លៀង ដើម្បីឲ្យត្រជាក់ត្រជុំដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងភ្ញៀវមកលេងកំសាន្ត។
ពិធីនេះបានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ជាតិ និងបង្ហាញពីភាពសុខសាន្តរបស់ប្រជាពលរដ្ឋក្រោមម្លប់នៃសុខសន្តិភាព។
