ភ្នំពេញ – ក្មេងទំនើងម្នាក់ដែលធ្លាប់រត់គេចខ្លួនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ បានចូលមកសារភាពកំហុសនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បន្ទាប់ពីការអំពាវនាវពីស្នងការនគរបាលរាជធានីភ្នំពេញ។

ជនល្មើសនេះត្រូវបានចោទប្រកាន់ពីការចូលរួមសកម្មភាពដេញគប់ និងវាយរថយន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ ដែលបានកើតឡើងនៅថ្ងៃនគរសង្ក្រាន្ត។ តាមការបង្ហាញពីប្រភពសមត្ថកិច្ច ជនល្មើសនេះធ្លាប់រស់នៅតំបន់ខណ្ឌឬស្សីកែវ ហើយជនរងគ្រោះបានបង្ហោះពត៌មានពីឧក្រិដ្ឋកម្មនេះតាមរយៈហ្វេសប៊ុកផងដែរ។
សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនក្មេងទំនើងចំនួន៩នាក់រួចហើយ ដែលជាអ្នកពាក់ព័ន្ធនឹងការបង្កភាពអនាធិបតេយ្យក្នុងសង្គម។ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអំពាវនាវឲ្យបក្ខពួកដែលនៅសល់ចូលមកសារភាពកំហុសដោយស្ម័គ្រចិត្ត។

ក្រោយពីការអំពាវនាវនេះ ក្មេងទំនើងដែលធ្លាប់រត់គេចទៅខេត្តព្រះសីហនុបានចូលមកបំភ្លឺ និងទទួលស្គាល់កំហុសរបស់ខ្លួន។ សមត្ថកិច្ចកំពុងសាកសួរជនល្មើសតាមនីតិវិធីច្បាប់ ដើម្បីយកទៅធ្វើការសម្រេចចិត្តតាមច្បាប់នាពេលខាងមុខ។
ការចាប់ខ្លួនក្មេងទំនើងក្នុងព្រឹត្តិការណ៍នេះបង្ហាញពីការតស៊ូរបស់អាជ្ញាធរក្នុងការបង្ក្រាបបទល្មើស និងធានាសន្តិសុខសង្គមក្នុងពិធីបុណ្យជាតិដ៏សំខាន់។
ដោយ៖ សិលា
