រដ្ឋាភិបាលវៀតណាមមានគម្រោងបន្តកាត់បន្ថយពន្ធប្រើប្រាស់ពិសេសលើយានយន្តអគ្គិសនី (EV) រហូតដល់ចុងឆ្នាំ២០៣០ ដើម្បីជំរុញការលក់ EV និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ការិយាល័យសភាវៀតណាមបានឱ្យដឹងកាលពីចុងសប្ដាហ៍កន្លងទៅថា រដ្ឋាភិបាលនឹងដាក់សំណើបន្ថែមពេលកាត់បន្ថយពន្ធនេះទៅសភា ដើម្បីសុំការអនុម័ត។ នេះបើយោងតាមរបាយការណ៍មួយពីក្រសួងហិរញ្ញវត្ថុ។
គួរគូសបញ្ជាក់ថា វៀតណាមបានចាប់ផ្ដើមកាត់បន្ថយពន្ធប្រើប្រាស់ពិសេសលើ EV ក្នុងខែមីនា ឆ្នាំ២០២២ មកត្រឹមចន្លោះពី១% ទៅ៣% ពីកម្រិតចាស់៤% ទៅ១១%។ ការកាត់បន្ថយនេះ គ្រោងនឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៧។

ក្រោមគោលនយោបាយលើកទឹកចិត្តពន្ធបែបនេះ វៀតណាមបានមើលឃើញពីកំណើនលក់ EV ក្នុងស្រុកយ៉ាងខ្លាំង ពីជិត៧,០០០គ្រឿង នៅឆ្នាំ២០២២ ដល់ជិត១៧៥,០០០គ្រឿង នៅឆ្នាំមុន។
របាយការណ៍ពីក្រសួងហិរញ្ញវត្ថុបាននិយាយថា គោលនយោបាយពន្ធនេះបានរួមចំណែកដល់គោលដៅសូន្យសុទ្ធឆ្នាំ២០៥០របស់ប្រទេសវៀតណាម ដោយ EV នីមួយៗជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតចំនួន០,៨៥តោន/ឆ្នាំ បើប្រៀបធៀបទៅនឹងរថយន្តប្រើឥន្ធនៈ។

របាយការណ៍ដដែលបន្តថា៖ «ការបន្តអនុវត្តការលើកទឹកចិត្តពន្ធសម្រាប់រថយន្តអគ្គិសនី អាចបង្កើតផលវិជ្ជមានជាច្រើន ដែលជួយពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកវិស័យដឹកជញ្ជូនដែលប្រើថាមពលស្អាត កាត់បន្ថយការបំភាយឧស្ម័ន និងបង្កើនគុណភាពខ្យល់ ជាពិសេសនៅក្នុងទីក្រុងធំៗ»។
