សង្គ្រាមអ៉ីរ៉ង់៖ នៅពេលដែលសល់តែ៣ថ្ងៃទៀតនឹងបញ្ចប់បទឈប់បាញ់គ្នារយៈពេល២សប្ដាហ៍ ការចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កំពុងប្រឈមមុខនឹងឧបសគ្គធំ។

ទោះបីជាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសពីការបញ្ជូនគណៈប្រតិភូមួយទៅកាន់ប៉ាគីស្ថានដើម្បីជម្រុញការចរចាសន្តិភាព ក៏ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានរាយការណ៍នាថ្ងៃទី១៩មេសាថា អ៉ីរ៉ង់ពុំមានចិត្តចូលរួមក្នុងការចរចាវគ្គថ្មីនោះជាមួយអាមេរិកឡើយ។
ដោយដកស្រង់ប្រភពអ៉ីរ៉ង់នានា ទូរទស្សន៍រដ្ឋអះអាងថា ក្រុងតេហេរ៉ង់បច្ចុប្បន្នពុំមានផែនការចូលរួមក្នុងការចរចាវគ្គថ្មីជាមួយអាមេរិកឡើយ។ ចំណែកទីភ្នាក់ងារព័ត៌មានផ្លូវការអ៉ីរ៉ង់ IRNA បានគូសបញ្ជាក់ថា ពុំមានទស្សនវិស័យច្បាស់លាស់ណាមួយនៃការចរចាប្រកបដោយផ្លែផ្កែឡើយ។
រួចសារព័ត៌មានអ៉ីរ៉ង់ជាច្រើនលើកឡើងថា ការលុបចោលការហ៊ុមព័ទ្ធដែនទឹកអ៉ីរ៉ង់ដោយកងម៉ារីនអាមេរិក នឹងជាលក្ខខណ្ឌដំបូងមួយសម្រាប់ការចរចា។

ប្រធានសភាអ៉ីរ៉ង់ និងជាប្រមុខក្រុមអ្នកចរចារបស់ប្រទេសនេះ លោកម៉ូហាម៉ាដបាក់ហ័រហ្គាលីបាហ្វ បានលើកពីការខ្វែងគំនិតគ្នាជាច្រើន។ ទោះបីយ៉ាងណា លោកត្រាំប្រកាសនាថ្ងៃទី១៩មេសាថា បានបញ្ជូនអនុប្រធានាធិបតីលោកឌីជីវ៉ានទៅកាន់ប៉ាគីស្ថាន។
ដោយប្រកាសពីការទៅដល់ក្រុងអ៉ីស្លាម៉ាបាដរបស់គណៈប្រតិភូចរចាអាមេរិក លោកដូណាល់ត្រាំអះអាងតាមបណ្ដាញសង្គម TRUTH SOCIAL របស់លោកថា បានផ្ដល់ដល់អ៉ីរ៉ងនូវសំណើសមស្របមួយ ហើយក្នុងករណីមានការបដិសេធ នោះសហរដ្ឋអាមេរិកនឹងកម្ទេចចោលទាំងអស់មជ្ឈមណ្ឌលអគ្គិសនីនិងស្ពានអ៉ីរ៉ង់។
សន្តិសុខកំពុងតែពង្រឹងខ្លាំងនៅទីក្រុងអ៉ីស្លាម៉ាបាដ សម្រាប់ការចរចាវគ្គថ្មីរវាងអាមេរិក និងអ៉ីរ៉ង់ ដោយវិថីជាច្រើនត្រូវបានបិទនិងមានការដាក់របាំង។
ក្រៅពីការចរចា ក្រុងវ៉ាស៊ីនតោន និងក្រុងតេហេរ៉ង់ កំពុងបន្តការប្រឈមមុខដាក់គ្នាជុំវិញច្រកសមុទ្រហ័រមូស។ អាមេរិកបន្តការបិទខ្ទប់បណ្ដាកំពង់ផែអ៉ីរ៉ង់ ហើយលោកត្រាំប្រកាសនាថ្ងៃទី១៩មេសាថា នាវាពិឃាតអាមេរិកមួយគ្រឿង បានបាញ់លើនាវាកាហ្គាអ៉ីរ៉ង់មួយគ្រឿងនៅឈូងសមុទ្រអូម៉ង់ មុនពេលធ្វើការត្រួតពិនិត្យ។
អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា
