រញ្ជួយដីខ្លាំងកម្រិត ៧.៤ រ៉ិចទ័របានវាយប្រហារប្រទេសជប៉ុន នាំឱ្យមានការប្រកាសអាសន្នរលកយក្សស៊ូណាមិ និងការជម្លៀសប្រជាជនយ៉ាងបន្ទាន់។

តាមការផ្សាយព័ត៌មានរបស់ NHK រញ្ជួយដីនេះបានកើតឡើងនៅភាគខាងជើងប្រទេសជប៉ុន ដោយមានចំណុចកណ្តាលស្ថិតនៅជម្រៅ ១០ គីឡូម៉ែត្រ នៅជិតឆ្នេរ Sanriku។
ការព្រមានរលកយក្សស៊ូណាមិត្រូវបានប្រកាសនៅតំបន់ចំនួន ៣ គឺ Iwate, Aomori និង Hokkaido ដោយរលកសមុទ្រត្រូវបានគេសង្កេតឃើញមានកម្ពស់រហូតដល់ ៣ ម៉ែត្រ។

ប្រជាជនដែលរស់នៅតាមបណ្តោយឆ្នេរសមុទ្រក្នុងតំបន់ទាំង ៣ នេះត្រូវបានគេព្រមានឱ្យប្រញាប់ជម្លៀសទៅកាន់ទីទួលសុវត្ថិភាពភ្លាមៗ ដោយរង់ចាំការជូនដំណឹងបន្ទាប់ពីអាជ្ញាធរ។
យោងតាមអ្នកជំនាញរញ្ជួយដី កម្លាំងរញ្ជួយដីនេះមានភាពខ្លាំងក្លាដែលអាចធ្វើឱ្យអគារខ្ពស់ៗនៅទីក្រុងតូក្យូញ័របាន ទោះបីជាមានចម្ងាយរាប់រយគីឡូម៉ែត្រពីចំណុចកណ្តាលក៏ដោយ។

ហេតុការណ៍នេះបានធ្វើឱ្យគេនឹកឃើញពីគ្រោះមហន្តរាយរញ្ជួយដីនិងរលកស៊ូណាមិដ៏រន្ធត់ដែលបានកើតឡើងនៅជប៉ុនកាលពី ១៥ ឆ្នាំមុន ដែលជាការចងចាំដ៏អាក្រក់បំផុតសម្រាប់ប្រជាជនជប៉ុន។
អត្ថបទ៖ សុខ សុវណ្ណ
