គ្រាប់បែកមីយ៉ាន់ម៉ាខ្ទាតចូលដីថៃ បង្កឲ្យប្រជាពលរដ្ឋរត់ភៀសខ្លួនយ៉ាងវឹកវរ

គ្រាប់បែកមីយ៉ាន់ម៉ាខ្ទាតចូលដីថៃ បង្កឲ្យប្រជាពលរដ្ឋរត់ភៀសខ្លួនយ៉ាងវឹកវរ

ស្ថានការណ៍នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ាបានក្លាយជាវឹកវរយ៉ាងខ្លាំងនៅព្រឹកថ្ងៃទី២០ មេសា ២០២៦ នេះ នៅពេលដែលយន្តហោះចម្បាំងរបស់កងទ័ពអាកាសមីយ៉ាន់ម៉ាបានវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើមន្ទីរពេទ្យរបស់ក្រុមឧទ្ទាមការ៉ែន (KNU)។

ព្រំដែនថៃ-មីយ៉ាន់ម៉ា

ក្នុងប្រតិបត្តិការនេះ យន្តហោះចម្បាំងប្រភេទ Yak-130 និង MiG-29 បានទម្លាក់គ្រាប់បែកចំនួន៩គ្រាប់ទៅលើតំបន់មន្ទីរពេទ្យ និងសហគមន៍ក្នុងក្រុង Bue So រដ្ឋការ៉ែន ដែលមានចម្ងាយត្រឹមតែ៥០០ម៉ែត្រពីព្រំដែនថៃ។

យោងតាម Khaosod មានគ្រាប់បែកមួយគ្រាប់បានធ្លាក់ទៅលើទឹកដីថៃនៅតំបន់មាត់ទន្លេ Salween ក្បែរភូមិ Mae Sam Laep ខេត្ត Mae Hong Son។ ការផ្ទុះគ្រាប់បែកនេះបានបង្កភាពភ័យស្លន់ស្លោដល់ប្រជាពលរដ្ឋថៃ រហូតធ្វើឲ្យពួកគេរត់ភៀសខ្លួនយ៉ាងវឹកវរ។

ការជម្លៀសប្រជាពលរដ្ឋ

កម្លាំងទាហានព្រៃថៃ និងអាជ្ញាធរមូលដ្ឋានបានចុះទៅអន្តរាគមន៍ និងជួយជម្លៀសអ្នកភូមិទៅសម្រាកនៅតំបន់មានសុវត្ថិភាពក្នុងភូមិ Huai Kong Kaad ជាបណ្តោះអាសន្ន។

រហូតមកដល់ពេលនេះ ចំនួនអ្នករងគ្រោះនៅខាងភាគីមីយ៉ាន់ម៉ានៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ នេះមិនមែនជាលើកទីមួយឡើយដែលការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមការ៉ែនបានរាលដាលដល់ព្រំដែន។

ស្ថានការណ៍ព្រំដែន

កាលពីពេលថ្មីៗកន្លងទៅ ការវាយប្រហារតាមអាកាសបែបនេះក៏ធ្លាប់បានកើតឡើងនៅតំបន់ផ្សេងទៀតដែលទល់មុខនឹងទឹកដីថៃផងដែរ ដោយកាលណោះមានជនស៊ីវិលការ៉ែនដែលរងរបួសជាច្រើននាក់ត្រូវបានបញ្ជូនឆ្លងដែនមកព្យាបាលនៅតាមមណ្ឌលសុខភាពក្នុងប្រទេសថៃ៕

administrator

Related Articles