ហ្សេលេនស្គីជំរុញអឺរ៉ុបបង្កើតប្រព័ន្ធការពារមីស៊ីលផ្ទាល់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងរុស្ស៊ី

ហ្សេលេនស្គីជំរុញអឺរ៉ុបបង្កើតប្រព័ន្ធការពារមីស៊ីលផ្ទាល់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងរុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានធ្វើការអំពាវនាវយ៉ាងខ្លាំងក្លាកាលពីថ្ងៃអាទិត្យទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយសង្កត់ធ្ងន់ថា ទ្វីបអឺរ៉ុបត្រូវតែបង្កើតប្រព័ន្ធការពារមីស៊ីលបាលិស្ទិកផ្ទាល់ខ្លួនឯង ដើម្បីទប់ទល់នឹងការគំរាមកំហែងពីរុស្ស៊ី។

ប្រព័ន្ធការពារអាកាស

តាមការផ្សាយរបស់ The Star ការការពារប្រឆាំងនឹងមីស៊ីលបាលិស្ទិកគឺជាបញ្ហាប្រឈមធំបំផុតសម្រាប់អ៊ុយក្រែនក្នុងសង្គ្រាមបច្ចុប្បន្ន ដោយមានតែគ្រាប់មីស៊ីលមួយចំនួនតូចនៃប្រព័ន្ធ Patriot របស់អាមេរិកប៉ុណ្ណោះដែលអាចបាញ់ស្ទាក់មីស៊ីលប្រភេទនេះបាន។

កន្លងមក រុស្ស៊ីបានប្រើប្រាស់មីស៊ីលបាលិស្ទិកយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលបណ្តាលឲ្យរោងចក្រផលិតអគ្គិសនី និងប្រព័ន្ធបញ្ជូនចរន្តអគ្គិសនីជាច្រើនត្រូវបានបំផ្លិចបំផ្លាញ។

លោកហ្សេលេនស្គីបានបញ្ជាក់ក្នុងបទសម្ភាសន៍ទូរទស្សន៍ថា លោកមានគំនិតចង់ឲ្យអឺរ៉ុបមានប្រព័ន្ធការពារមីស៊ីលរួមគ្នា ហើយលោកកំពុងជំរុញឲ្យការសាងសង់ប្រព័ន្ធការពារនេះលេចចេញជារូបរាងឡើងក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Fire Point ដែលជាអ្នកផលិតមីស៊ីល Flamingo របស់អ៊ុយក្រែន ក៏បានបង្ហើបឲ្យដឹងថា ពួកគេកំពុងពិភាក្សាជាមួយក្រុមហ៊ុនអឺរ៉ុបជាច្រើន ដើម្បីបង្កើតប្រព័ន្ធការពារអាកាសថ្មីមួយនៅឆ្នាំក្រោយ។

administrator

Related Articles