ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅយប់ថ្ងៃទី១៩មេសា ឆ្នាំ២០២៦ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយមានរថយន្តម៉ាកកាមរីហាយប្រ៊ីតបើកលឿនពីស្ពានអាកាស៧មករា បែកកង់ហើយងាកកន្ទុយមកកណ្ដាលផ្លូវ បណ្ដាលឱ្យម៉ូតូបុកពីក្រោយ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសម្នាក់បានបើករថយន្តម៉ាកកាមរីហាយប្រ៊ីតពណ៌ស្ករ ផ្លាកលេខភ្នំពេញ 2Q-8833 បើកចុះពីស្ពានអាកាស៧មករាក្នុងល្បឿនលឿនពេក។ នៅពេលចុះមកដល់ចុងស្ពាន រថយន្តបានរ៉េចង្កូតទៅប៉ះខឿន បណ្តាលឲ្យបែកកង់មួយចំហៀងខាងស្តាំ ហើយងាកកន្ទុយមកកណ្តាលផ្លូវ។

ស្របពេលគ្នានោះ មានម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ផ្លាកលេខភ្នំពេញ 1AV-7491 ជិះដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយ ជាន់ហ្រ្វាំងមិនទាន់ បានបុកចូលទៅក្នុងកន្ទុយរថយន្តចំហៀងខាងស្តាំ។ ការបុកនេះបណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យយ៉ាងបន្ទាន់។

ចំណែកអ្នកបើករថយន្តបង្កហេតុ បានរត់គេចខ្លួនបាត់ស្រមោល ទុករថយន្តរបស់ខ្លួននៅកន្លែងកើតហេតុ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០:៥០នាទីយប់ ដោយមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកជិះម៉ូតូ។ សមត្ថកិច្ចនៅតែបន្តស៊ើបអង្កេតដើម្បីរកអ្នកបើករថយន្តបង្កហេតុដែលបានរត់គេច។

ដោយ ៖ ភារ៉ា ដង្កោ

