ព្យុះស៊ីនឡាគូបានវិវត្តទៅជាព្យុះសង្ឃរា ប៉ះពាល់ដល់កម្ពុជា ភ្លៀងធ្លាក់រហូតដល់ ២០%

ព្យុះស៊ីនឡាគូបានវិវត្តទៅជាព្យុះសង្ឃរា ប៉ះពាល់ដល់កម្ពុជា ភ្លៀងធ្លាក់រហូតដល់ ២០%

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងអាសន្នអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ក្រោមឥទ្ធិពលព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) T2604 ដែលបានវិវត្តទៅជាព្យុះសង្ឃរា។

ព្យុះស៊ីនឡាគូ

ព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសមានការប្រែប្រួលចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦៖

១. តំបន់វាលទំនាប៖
សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥%។

ព្យុះធ្វើអោយមានភ្លៀងធ្លាក់

២. តំបន់ខ្ពង់រាប៖
សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%។

៣. តំបន់មាត់សម្បទ៖
សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ២០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ៕

ការព្រមានព្យុះ

ដោយ៖ តារា

administrator

Related Articles