ភ្ញាក់ផ្អើល! ហុងគ្រី-ស្លូវ៉ាគី បែរមុខគាំទ្រអ៊ុយក្រែន ក្រោយរបត់នយោបាយសំខាន់ៗក្នុងតំបន់

ភ្ញាក់ផ្អើល! ហុងគ្រី-ស្លូវ៉ាគី បែរមុខគាំទ្រអ៊ុយក្រែន ក្រោយរបត់នយោបាយសំខាន់ៗក្នុងតំបន់

ការផ្លាស់ប្តូរឥរិយាបថនយោបាយរបស់ប្រទេសហុងគ្រី និង ស្លូវ៉ាគី ក្នុងការងាកមកគាំទ្រអ៊ុយក្រែនវិញនៅពាក់កណ្តាល ខែមេសានេះ គឺជាចំណុចរបត់ប្រវត្តិសាស្ត្រមួយសម្រាប់សន្តិសុខអឺរ៉ុប។ ចំពោះមូលហេតុចម្បងដែលនាំឲ្យមានការផ្លាស់ប្តូរដ៏ភ្ញាក់ផ្អើលនេះ គឺផ្អែកលើកត្តានយោបាយផ្ទៃក្នុង និងដំណោះស្រាយលើវិបត្តិថាមពល។

យ៉ាងណា បន្ទាប់ពីបានដើរតួជាឧបសគ្គចម្បងក្នុងសហភាពអឺរ៉ុប (EU) អស់រយៈពេលជាច្រើនឆ្នាំ ហុងគ្រី និងស្លូវ៉ាគី បានបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់ក្នុងការគាំទ្រដល់អ៊ុយក្រែនវិញ ក្រោយពីការចាញ់ឆ្នោតរបស់ លោក Victor Orban ដែលស្និទ្ធនឹងលោក ពូទីន និងដែលបានដឹកនាំហុងគ្រីអស់រយៈពេល ១៦ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ czechia កាលពីថ្ងៃទី២១មេសា។

ហុងគ្រី-ស្លូវ៉ាគី

ទី១. ការផ្លាស់ប្តូររដ្ឋាភិបាលជាប្រវត្តិសាស្ត្រនៅហុងគ្រី

កត្តាដែលជះឥទ្ធិពលខ្លាំងបំផុត គឺការចាញ់ឆ្នោតរបស់លោក Viktor Orbán នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ១២មេសា។ រដ្ឋាភិបាលថ្មីដឹកនាំដោយលោក Péter Magyar និងគណបក្ស Tisza បានប្រកាសភ្លាមៗនូវការកែទម្រង់គោលនយោបាយការបរទេស។ ជាក់ស្ដែងលោកបានសន្យាថានឹងបញ្ចប់ភាពរកាំរកូសជាមួយសហភាពអឺរ៉ុប និងណាតូ។ ជាពិសេស ហុងគ្រីបានយល់ព្រមដកការរារាំងលើកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៩០ ពាន់លានអឺរ៉ូ របស់ EU សម្រាប់អ៊ុយក្រែន ដែលកន្លងមកលោក Orbán តែងតែប្រើសិទ្ធិវេតូដើម្បីរារាំង។

ទី២. ការដោះស្រាយវិបត្តិបំពង់ប្រេង Druzhba

ទំនាក់ទំនងរវាងអ៊ុយក្រែនជាមួយហុងគ្រី-ស្លូវ៉ាគី បានដុនដាបខ្លាំងកាលពីដើមឆ្នាំ ២០២៦ ដោយសារការផ្អាកលំហូរប្រេងពីរុស្ស៊ីតាមបំពង់ប្រេង Druzhba។ ទោះយ៉ាងណា ភាពតានតឹងត្រូវបានដោះស្រាយបន្ទាប់ពីអ៊ុយក្រែនបានបញ្ចប់ការជួសជុលផ្នែកដែលរងការខូចខាត ហើយធានាថាការផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ប្រទេសទាំងពីរនឹងត្រឡប់មកធម្មតាវិញនៅចុងខែមេសានេះ។ នៅពេលដែលស្ថិរភាពថាមពលត្រូវបានធានា ហុងគ្រី និងស្លូវ៉ាគី លែងមានសម្ពាធសេដ្ឋកិច្ចក្នុងការប្រឆាំងនឹងអ៊ុយក្រែនទៀតហើយ។

ស្លូវ៉ាគី-អ៊ុយក្រែន

ទី៣. ភាពឯកោរបស់ស្លូវ៉ាគី និងផលប្រយោជន៍សេដ្ឋកិច្ច

សម្រាប់ស្លូវ៉ាគី នាយករដ្ឋមន្ត្រីលោក Robert Fico បានជួបប្រឈមនឹងសម្ពាធនយោបាយខ្លាំង ពោលគឺការបាត់បង់សម្ព័ន្ធមិត្ត បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលលោក Orbán លោក Fico បានក្លាយជាមេដឹកនាំតែម្នាក់គត់ក្នុង EU ដែលមានជំហរប្រឆាំងនឹងអ៊ុយក្រែន ដែលធ្វើឲ្យលោកជួបការឯកោផ្នែកការទូត។ ហេតុដូច្នេះ ស្លូវ៉ាគីចាប់ផ្តើមងាកមកផ្តោតលើផលប្រយោជន៍សេដ្ឋកិច្ចយូរអង្វែង តាមរយៈការចូលរួមក្នុងគម្រោងកសាងទីក្រុងកៀវឡើងវិញក្រោយសង្គ្រាម ដែលអាចផ្តល់ផលចំណេញយ៉ាងច្រើនដល់ក្រុមហ៊ុនសំណង់ និងឧស្សាហកម្មរបស់ស្លូវ៉ាគី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles