ការបោះឆ្នោតសភានៅប៊ុលហ្គារីកាលពីថ្ងៃទី១៩ មេសា បានធ្វើឲ្យសហភាពអឺរ៉ុបព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីគណបក្សជឿនលឿនប៊ុលហ្គារី (Progressive Bulgaria) របស់លោក Rumen Radev ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ ដោយរកបាន ៤៤.៥៩% នៃសម្លេងឆ្នោត និងអាសនៈជាង ១៣០ ក្នុងចំណោម ២៤០ អាសនៈ។
តាមការចុះផ្សាយរបស់ Die Welt នៅថ្ងៃទី២៣ មេសា លោក Radev អាចក្លាយជាតួអង្គថ្មីដែលបន្តវេនលោក Viktor Orban ក្នុងការរារាំងជំនួយយោធាដល់អ៊ុយក្រែន។ លោក Radev ប្រឆាំងនឹងការផ្តល់អាវុធដល់កៀវ និងថែមទាំងអំពាវនាវឲ្យ EU ពិចារណាឡើងវិញក្នុងការស្តារទំនាក់ទំនងជាមួយទីក្រុងមូស្គូ រួមទាំងការនាំចូលប្រេងរុស្ស៊ីផងដែរ។
ប្រសិនបើលោក Radev ក្លាយជានាយករដ្ឋមន្ត្រី លោកនឹងបញ្ចប់កិច្ចព្រមព្រៀងផ្គត់ផ្គង់ទាំងអស់ដល់អ៊ុយក្រែន ដែលធ្វើឲ្យប៊ុលហ្គារីក្លាយជាឧបសគ្គថ្មីក្នុងការគាំទ្រយោធាដល់អ៊ុយក្រែននៅកម្រិត EU។
