ថៃ និងមីយ៉ាន់ម៉ា បានឯកភាពគ្នាបើកច្រកទ្វារព្រំដែនមីយ៉ាវ៉ាឌី-ម៉េសុត (Myawaddy–Mae Sot) ឡើងវិញ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងលើវិស័យសំខាន់ៗចំនួន ៣ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer ។

ការព្រមព្រៀងគ្នានេះ សម្រេចឡើងក្នុងអំឡុងទស្សនកិច្ចជាផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) នៅថ្ងៃទី ២១-២២ មេសា ទៅកាន់ទីក្រុងណាយពិដោរ ប្រទេសមីយ៉ាន់ម៉ា។
លោក ស៊ីហាសាក់ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកបានបង្ហាញពីវឌ្ឍនភាពវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី បន្ទាប់ពីកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា រួមទាំងមេដឹកនាំយោធា លោក មីន អ៊ុងឡាំង (Min Aung Hlaing)។
លោកបន្តថា ការបើកច្រកទ្វារព្រំដែននេះឡើងវិញ នឹងធ្វើឱ្យពាណិជ្ជកម្មព្រំដែនរស់ឡើងវិញ ព្រោះច្រកនេះរួមចំណែករហូតដល់ ៨០% នៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ថៃបានលើកទឹកចិត្តដល់ការវិនិយោគ និងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍលើវិស័យកសិកម្ម សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានបញ្ជាឱ្យបិទច្រកព្រំដែននេះកាលពីខែសីហាឆ្នាំមុន ក្រោមរដ្ឋាភិបាលយោធា ដើម្បីផ្លាស់ប្ដូរលំហូរប្រាក់ចំណូលពាណិជ្ជកម្មទៅកាន់រដ្ឋ ជាជាងក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលដូចជា KNU និង PDF ជាដើម។
កិច្ចសហប្រតិបត្តិការ ២ ទៀតដែលសម្រេចបាន រួមមានការដោះស្រាយផលប៉ះពាល់ពីជម្លោះផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា និងការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាអ័ព្ទផ្សែងឆ្លងដែន។ ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបណ្តាញក្រុមឆបោក។
លើសពីនេះ លោក ស៊ីហាសាក់ បានគូសបញ្ជាក់ថា ថៃគាំទ្រការចូលរួមឡើងវិញរបស់មីយ៉ាន់ម៉ាក្នុងអាស៊ាន ក្រោមការឯកភាពគ្នា ៥ ចំណុច និងជំរុញឱ្យមានវឌ្ឍនភាពលើសន្តិភាព និងការផ្សះផ្សាជាតិនៅមីយ៉ាន់ម៉ា៕
