សេតវិមានបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានចាត់ទុកការរឹបអូសកប៉ាល់ចំនួន២គ្រឿងដោយអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ជាការរំលោភបទឈប់បាញ់នោះទេ។
ដកស្រង់សម្តីអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ដែលបានផ្តល់បទសម្ភាសន៍ទៅកាន់ Fox News ថា៖ «ទាំងនេះមិនមែនជាកប៉ាល់អាមេរិកទេ ហើយក៏មិនមែនជាកប៉ាល់អ៊ីស្រាអែលដែរ វាគឺជាកប៉ាល់អន្តរជាតិទាំងពីរគ្រឿង!»

លោកស្រី Leavitt បានបន្ថែមថា កប៉ាល់ទាំងពីរត្រូវបានរឹបអូសដោយទូកល្បឿនលឿនបំពាក់អាវុធ ហើយបានរិះគន់យ៉ាងខ្លាំងថា៖ «អ៊ីរ៉ង់ធ្លាប់មានកងទ័ពជើងទឹកដ៏មានឥទ្ធិពលបំផុតនៅមជ្ឈិមបូព៌ា តែឥឡូវវិលមកធ្វើសកម្មភាពដូចជាក្រុមចោរសមុទ្រវិញ។ អ្វីដែលយើងកំពុងឃើញនេះ គឺជាសកម្មភាពចោរកម្មសមុទ្រយ៉ាងច្បាស់ក្រឡែត»។
ទន្ទឹមនឹងនេះ អ៊ីរ៉ង់បានបញ្ជាក់ពីការរឹបអូសកប៉ាល់ទាំងនេះ ខណៈកងកម្លាំងបដិវត្តឥស្លាម (IRGC) ប្រកាសថាខ្លួនបានបើកការវាយប្រហារលើកប៉ាល់ដល់ទៅ៣គ្រឿងក្នុងមួយថ្ងៃ។
តាមការផ្សាយរបស់ BBC អ៊ីរ៉ង់បានសម្រេចបាញ់ទៅលើកប៉ាល់ទី១ ឈ្មោះ Epaminodes ព្រោះកប៉ាល់នេះមិនព្រមស្តាប់ការព្រមានរបស់ IRGC ហើយបន្តធ្វើដំណើរទៅមុខ។ ក្រោយមក អ៊ីរ៉ង់បានបញ្ឈប់កប៉ាល់ទី២ ឈ្មោះ Euphoria ដោយអះអាងថា កប៉ាល់ទាំងអស់ធ្វើដំណើរដោយមិនបានទទួលការអនុញ្ញាតពីខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
