
អន្តរជាតិ៖ នៅថ្ងៃទី ២២ ខែមេសា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសរឹបអូសកប៉ាល់កុងតឺន័រពីរគ្រឿងបន្ថែមទៀត ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមូស ខណៈកំពុងមានភាពតានតឹងផ្នែកយោធាក្នុងតំបន់កំពុងកើនឡើងខ្លាំង។
IRGC បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «ព្រឹកនេះ កងកម្លាំងទ័ពជើងទឹក IRGC បានរកឃើញ និងស្ទាក់ចាប់កប៉ាល់ពីរគ្រឿងដែលរំលោភលើបទប្បញ្ញត្តិនៅក្នុងច្រកសមុទ្រហ័រមូស។ កប៉ាល់ទាំងពីរត្រូវបានរឹបអូស និងដឹកនាំឆ្ពោះទៅឆ្នេរសមុទ្រអ៊ីរ៉ង់» ដោយបន្ថែមថា សកម្មភាពនេះមានគោលបំណងការពារផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់។
យោងតាមគេហទំព័រតាមដានសមុទ្រ MarineTraffic បានឲ្យដឹងថា ទីតាំងដែលបានកត់ត្រាទុកជិតបំផុតនៃកប៉ាល់ទាំងពីរគឺនៅជិតឆ្នេរសមុទ្រអ៊ីរ៉ង់នៅក្នុងច្រកសមុទ្រហ័រមូស។ IRGC បានចោទប្រកាន់កប៉ាល់ទាំងនោះពីបទប្រតិបត្តិការដោយគ្មានការអនុញ្ញាតត្រឹមត្រូវ រំលោភលើបទប្បញ្ញត្តិម្តងហើយម្តងទៀត និងជ្រៀតជ្រែកជាមួយប្រព័ន្ធរុករក ធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពសមុទ្រ។

មុននេះបន្តិចនៅថ្ងៃទី 22 ខែមេសា ការិយាល័យពាណិជ្ជកម្មផ្លូវសមុទ្រចក្រភពអង់គ្លេស (UKMTO) បានរាយការណ៍ថា IRGC បានបាញ់ទៅលើកប៉ាល់កុងតឺន័រមួយគ្រឿងទៀតនៅចម្ងាយប្រហែល 15 ម៉ាយសមុទ្រ (ប្រហែល 28 គីឡូម៉ែត្រ) ភាគឦសាននៃប្រទេសអូម៉ង់ ដោយបានបំផ្លាញបន្ទប់បើកបរ ប៉ុន្តែមិនបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនោះទេ។ UKMTO បានបន្ថែមថា ទូកកាំភ្លើង IRGC ត្រូវបានចោទប្រកាន់ថាបានបាញ់ដោយគ្មានការព្រមានជាមុន។
ក្រោយមក ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ដូចជា Nour News, Fars និង Mehr បានរាយការណ៍បន្ថែមថា IRGC បានវាយប្រហារកប៉ាល់ទីបី ដែលពួកគេអះអាងថា «ជាប់គាំង» នៅឯឆ្នេរសមុទ្រអ៊ីរ៉ង់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រដ៏សំខាន់ ដែលដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែល 20% នៃការផ្គត់ផ្គង់សរុបរបស់ពិភពលោក។ កាលពីសប្តាហ៍មុន អ៊ីរ៉ង់ទើបតែប្រកាសបើកច្រកសមុទ្រនេះឡើងវិញ ប៉ុន្តែបានប្រកាសយ៉ាងឆាប់រហ័សថា ខ្លួននឹងបិទច្រកសមុទ្រនេះម្តងទៀត រហូតដល់ការបិទផ្លូវរបស់កងទ័ពជើងទឹកអាមេរិកត្រូវបានបញ្ចប់៕
