ខេត្តកណ្តាល៖ កើតហេតុការណ៍រន្ធត់មួយ ខណៈកម្មករចិញ្ចឹមត្រីម្នាក់កំពុងឱនកៀរចំណីត្រី ត្រូវបានម៉ាស៊ីនកិននុយកាត់ក្បាលដាច់ចេញពីខ្លួនយ៉ាងអាណោចអធម នៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះ ក្រឹម ឡូត អាយុ៥០ឆ្នាំ ជាកម្មករមកពីខេត្តព្រៃវែង។ ក្នុងពេលកំពុងធ្វើការ ជនរងគ្រោះបានប្រើស្លាបព្រាដែកអោនខ្លួនលូកចូលទៅកៀរអាចម៍នុយឲ្យធ្លាក់ចូលខ្ទះ ខណៈកាំបិតម៉ាស៊ីនកំពុងដំណើរការ បណ្តាលឲ្យកាំបិតប៉ះនឹងក្បាលដាច់ចេញពីខ្លួន ធ្លាក់ចូលទៅក្នុងម៉ាស៊ីននុយត្រីតែម្តង។
ក្រោយកើតហេតុ កម្មករផ្សេងទៀតបាននាំគ្នាជួយលើកសាកសពចេញ និងទូរស័ព្ទប្រាប់ម្ចាស់ស្រះត្រីឈ្មោះ ឌឹម កែវឡាយ អាយុ៦៥ឆ្នាំ។ សមត្ថកិច្ច និងគ្រូពេទ្យកោសល្យវិច្ច័យបានចុះពិនិត្យកន្លែងកើតហេតុ និងបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចូលម៉ាស៊ីនកិននុយចំណីត្រី។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
