ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ថា ស្ថានភាពអាកាសធាតុនៅកម្ពុជាមិនសូវប្រែប្រួលខ្លាំងទេ ប៉ុន្តែសូមប្រុងប្រយ័ត្នខ្ពស់ ដោយសាររដូវវស្សាឆ្នាំនេះ នឹងមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើន ហើយអាចប្រឈមនឹងកូនរដូវប្រាំងនៅខែសីហា។

ប្រភពដដែលបានបន្តថា អាជ្ញាធរដែនដី និងប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវវស្សាឆ្នាំនេះ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នឹងកើតមានច្រើន ហើយអាចប្រឈមនឹងកូនរដូវប្រាំងពីសប្ដាហ៍ទី២ ដល់ទី៣ នៃខែសីហា។ ទោះជាយ៉ាងណា របាយការណ៍ទឹកភ្លៀងរាយប៉ាយបានល្អ ប្រហាក់ប្រហែលនឹងឆ្នាំ២០២៥។

ក្រសួងបានបញ្ជាក់ថា រដូវវស្សាអាចនឹងចាប់ផ្តើមពីសប្ដាហ៍ទី១ នៃខែឧសភាតទៅ ពោលគឺលឿនជាងឆ្នាំ២០២៥ ហើយសីតុណ្ហភាពជារួមគឺរង្វង់ពី២៥ ទៅ៣៦អង្សាសេ ពោលគឺទាបជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំ។

ស្ថានភាពទាំងនេះ បង្កឡើងដោយសារបាតុភូតធំៗចំនួន៣ គឺបាតុភូតអែនសូអព្យាក្រឹត្យនៅបន្តកើតមានក្នុងកម្រិត៨០ភាគរយ ដល់ខែមិថុនា និងថយចុះមកត្រឹម៤០ភាគរយនៅខែកក្កដា។ ចាប់ពីខែសីហាដល់ខែធ្នូ អាចមានបាតុភូតអែលនីណូរហូតដល់៩០ភាគរយ។ រីឯបាតុភូតអាយអូឌីនៅមហាសមុទ្រឥណ្ឌា ក៏នៅមានស្ថានភាពអព្យាក្រិត្យរហូតដល់ខែតុលាផងដែរ។
