ភ្នំពេញ៖ កិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន បានប្រព្រឹត្តទៅនៅវេលាម៉ោងប្រមាណ ៦ល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កម្ពុជា និងចិន បានឯកភាពគ្នាបង្កើតកិច្ចសន្ទនានេះ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន កាលពីខែមេសា ឆ្នាំមុន ក្នុងគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ។

យន្តការថ្មីនេះគឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍រួម។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ នៃកម្ពុជា រួមជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិនៃចិន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” នេះ។






ដោយ៖ តារា
