ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦ បានទទួលជួបជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ ជាជំនួបចុងក្រោយមុនលោកបញ្ចប់ដំណើរទស្សនកិច្ច និងកិច្ចសន្ទនានៅកម្ពុជា។

តាមរយៈរូបភាព គេមានការចាប់អារម្មណ៍ពីកាយវិការប្រកបដោយភាពនឹករលឹក និងស្និទ្ធស្នាល របស់សម្តេច ហ៊ុន សែន ជាមួយ លោក វ៉ាង យី។ លោក វ៉ាង ត្រូវបានគេស្គាល់ថាជាអ្នកការទូតជើងចាស់ដ៏ខ្លាំងរបស់មហាអំណាចចិន ដែលឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសចិនតាំងពីឆ្នាំ២០១៣។

លោកបានចាប់ផ្តើមមកកម្ពុជាលើកដំបូងកាលពីឆ្នាំ២០១៦ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ ឡានឆាង នៅខេត្តសៀមរាប។ ចាប់តាំងពីពេលនោះមក លោក វ៉ាង យី តែងតែមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់។

ទំនាក់ទំនងរវាងកម្ពុជា និងចិន ត្រូវបានគេមើលឃើញថាកាន់តែរីកចម្រើន និងបានសម្រេចផ្លែផ្កាជាច្រើន ហើយត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។






ដោយ៖ តារា
