ប្រតិបត្តិការសមត្ថកិច្ចឆ្លងដែនដី ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន២នាក់ ដកហូតសារធាតុញៀន និងរថយន្តមួយគ្រឿង

ប្រតិបត្តិការសមត្ថកិច្ចឆ្លងដែនដី ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន២នាក់ ដកហូតសារធាតុញៀន និងរថយន្តមួយគ្រឿង

ខេត្តកំពង់ស្ពឺ៖ កម្លាំងការិយាល័យគ្រឿងញៀនខេត្តកំពង់ស្ពឺ សហការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោងទង និងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឆ្លងដែនដី ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងដកហូតសារធាតុសង្ស័យជាគ្រឿងញៀនមួយចំនួន។

រូបភាពប្រតិបត្តិការ

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រោមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលនីតិវិធីពីលោក សុិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន (ស្ដីទី)។

រូបភាពវត្ថុតាង

ទីតាំងបង្ក្រាបស្ថិតនៅចំណុចភូមិទូករទះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជនសង្ស័យទាំង២នាក់រួមមាន៖

  • ទី១៖ ឈ្មោះ ខេន ពិសិដ្ឋ ហៅ សិត ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
  • ទី២៖ ឈ្មោះ មឿន ស្រីពៅ ហៅ ស្រីកា ភេទស្រី អាយុ ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទូករទះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

គួរបញ្ជាក់ថា ឈ្មោះ ខេន ពិសិដ្ឋ ហៅ សិត មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៤៣ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ចេញដោយលោកស្រី សម្ជស្ស មុទិតា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

រូបភាពវត្ថុតាងផ្សេងទៀត

ជាលទ្ធផល សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២កញ្ចប់ (១មធ្យម, ១តូច), ទូរស័ព្ទចំនួន ២គ្រឿង, រថយន្ត ១គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងរឹបអូសបាន ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកកាន់ការិយាល័យគ្រឿងញៀនខេត្តកំពង់ស្ពឺ ដើម្បីចាត់ការកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

administrator

Related Articles