រឿងក្តៅ! បេសកជន Trump ស្នើ FIFA ដកអ៊ីរ៉ង់ចេញ ឲ្យអ៊ីតាលីចូលលេង World Cup ជំនួស

រឿងក្តៅ! បេសកជន Trump ស្នើ FIFA ដកអ៊ីរ៉ង់ចេញ ឲ្យអ៊ីតាលីចូលលេង World Cup ជំនួស

សារព័ត៌មាន Financial Times បានចេញផ្សាយរបាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃពុធថា បេសកជនកំពូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់សំណើទៅកាន់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) សុំឲ្យដកប្រទេសអ៊ីរ៉ង់ចេញពីការប្រកួត World Cup នាពេលខាងមុខ និងដាក់ប្រទេសអ៊ីតាលីចូលជំនួសវិញ។

រូបភាពព័ត៌មាន

តាមប្រភពព័ត៌មានបានឲ្យដឹងថា ផែនការនេះគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីជួសជុលទំនាក់ទំនងរវាងលោក Trump និងនាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni ដែលបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានការវាយប្រហាររបស់ប្រធានាធិបតីអាមេរិកប្រឆាំងនឹងសម្តេចប៉ាប Leo XIV ជុំវិញបញ្ហាសង្រ្គាមអ៊ីរ៉ង់។

បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Paolo Zampolli បានប្រាប់ FT ដោយផ្ទាល់ថា៖ «ខ្ញុំសូមបញ្ជាក់ថា ខ្ញុំបានស្នើទៅលោក Trump និងលោក Gianni Infantino (ប្រធាន FIFA) ឲ្យអ៊ីតាលីជំនួសប្រទេសអ៊ីរ៉ង់នៅក្នុង World Cup»។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិអ៊ីតាលី ដែលជាក្រុមបាល់ទាត់លំដាប់កំពូលរបស់ពិភពលោក បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីខែមីនា បន្ទាប់ពីពួកគេបរាជ័យក្នុងការឡើងទៅកាន់ World Cup ជាលើកទីបីជាប់ៗគ្នា ដោយចាញ់ក្រុមបូស្នៀ និងហឺហ្សេហ្គោវីណា 4-1 ក្នុងការស៊ុតបាល់ប៉េណាល់ទីនៅវគ្គជម្រុះ។

រូបភាពព័ត៌មាន

ទន្ទឹមនឹងនេះ ភាគីអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ដោយបញ្ជាក់ថា ខ្លួនបានត្រៀមរៀបចំយ៉ាងពេញលេញសម្រាប់ការប្រកួត និងគ្រោងនឹងចូលរួមដូចប្រក្រតី។ កាលពីដើមខែមេសា អ៊ីរ៉ង់ក៏បានថ្លែងថា ខ្លួននឹងសម្រេចចិត្តលើការចូលរួមរបស់ក្រុមជម្រើសជាតិនៅ World Cup លុះត្រាតែទទួលបានការឆ្លើយតបពី FIFA ជុំវិញការផ្លាស់ប្តូរទីតាំងការប្រកួតរបស់ពួកគេពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសម៉ិកស៊ិក។

គួររំលឹកថា ទាំងសេតវិមាន, FIFA, សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) និងសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ (FFIRI) សុទ្ធតែមិនទាន់បានឆ្លើយតបជាផ្លូវការចំពោះរបាយការណ៍នេះនៅឡើយទេ។ រ៉យទ័រ ក៏មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះដោយឯករាជ្យបានភ្លាមៗដែរ។

administrator

Related Articles