ទោះប្រឈមសង្គ្រាម និងទណ្ឌកម្មលោកខាងលិច មហាសេដ្ឋីរុស្ស៉ីកើនទ្រព្យ១១% ក្នុង១ឆ្នាំ

ទោះប្រឈមសង្គ្រាម និងទណ្ឌកម្មលោកខាងលិច មហាសេដ្ឋីរុស្ស៉ីកើនទ្រព្យ១១% ក្នុង១ឆ្នាំ

អន្តរជាតិ៖ ទស្សនាវដ្តី Forbes បានចេញផ្សាយរបាយការណ៍ថ្មីមួយបង្ហាញថា ក្រុមមហាសេដ្ឋីរុស្ស៉ីបានបន្តប្រមូលទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ទោះបីជាប្រទេសរបស់ពួកគេកំពុងប្រឈមមុខនឹងសង្គ្រាមនៅអ៊ុយក្រែន និងរងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពីលោកខាងលិចក៏ដោយ។

យោងតាមសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ទស្សនាវដ្តី Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីរុស្ស៉ីបានកើនឡើង ១១% ក្នុងរយៈពេលមួយឆ្នាំ ដោយឡើងដល់កម្រិតកំណត់ត្រាថ្មីមួយគឺ ៦៩៥.៥ ពាន់លានដុល្លារ។

ក្រុមមហាសេដ្ឋីទាំងនេះ សុទ្ធតែមានទំនាក់ទំនងជាមួយធនធានធម្មជាតិដ៏ច្រើនសម្បើមរបស់រុស្ស៉ី ដែលត្រូវបាននាំចេញទៅកាន់ទីផ្សារសកលអស់ជាច្រើនទសវត្សរ៍។ ផលរំខាននៃលំហូរពាណិជ្ជកម្មបានធ្វើឱ្យតម្លៃទំនិញកើនឡើង ដែលជាកត្តាជំរុញឱ្យទ្រព្យសម្បត្តិពួកគេកាន់តែច្រើនឡើង។ ទោះជាយ៉ាងណា Forbes បានកត់សម្គាល់ថា ពុំមានឈ្មោះថ្មីលេចឡើងនៅលំដាប់កំពូលនៃបញ្ជីនោះទេ។

Russian Billionaires

បើតាមចំណាត់ថ្នាក់របស់ Forbes លោក Alexei Mordashov អគ្គនាយកក្រុមហ៊ុនវិនិយោគ Severgroup គឺជាកំពូលមហាសេដ្ឋីលេខ១ របស់រុស្ស៉ី ជាមួយទ្រព្យសម្បត្តិ ៣៧ពាន់លានដុល្លារ កើនឡើង ៨.៤ពាន់លានដុល្លារ ធៀបនឹងឆ្នាំមុន។

រីឯលោក Vladimir Potanin ស្ថាបនិកសម្ព័ន្ធក្រុមហ៊ុន Interros និងក្រុមហ៊ុនផលិតលោហៈ Nornickel ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយទ្រព្យសម្បត្តិ ២៩.៧ពាន់លានដុល្លារ។ ដោយឡែក លោក Vagit Alekperov អតីតប្រធានក្រុមហ៊ុនប្រេង Lukoil ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ដោយមានទ្រព្យសម្បត្តិ ២៩.៥ពាន់លានដុល្លារ។ លោក Leonid Mikhelson នាយកប្រតិបត្តិក្រុមហ៊ុន Novatek និងគ្រួសាររបស់លោក ឈរនៅលេខរៀងទី៤ ជាមួយទ្រព្យសម្បត្តិ ២៨.៣ពាន់លានដុល្លារ។

ទោះជាយ៉ាងណា ទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៉ី គឺនៅតូចបើធៀបនឹងក្រុមមហាសេដ្ឋីអាមេរិក ជាពិសេសមហាសេដ្ឋីបច្ចេកវិទ្យា។ តួយ៉ាង លោក Elon Musk ជាប់ចំណាត់ថ្នាក់កំពូលមហាសេដ្ឋីមានជាងគេលើពិភពលោក ជាមួយទ្រព្យសម្បត្តិរហូតដល់ ៨៣៩ពាន់លានដុល្លារ ខណៈលោក Larry Page នៃក្រុមហ៊ុន Google ស្ថិតនៅចំណាត់ទី២ ជាមួយទ្រព្យសម្បត្តិ ២៥៧ពាន់លានដុល្លារ៕

administrator

Related Articles