ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក (CENTCOM) បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការថា មាននាវាចំនួន ៣១គ្រឿង ដែលភាគច្រើនជាកប៉ាល់ដឹកប្រេង ត្រូវបានបង្ខំដកថយវិញ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសបិទខ្ទប់ផ្លូវទឹករបស់អ៊ីរ៉ង់។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា កងទ័ពអាមេរិកបានចេញបញ្ជាឲ្យកប៉ាល់ទាំងអស់នេះ ត្រឡប់មកកាន់កំពង់ផែវិញ បន្ទាប់ពីរដ្ឋបាលលោកត្រាំសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើទីក្រុងតេហេរ៉ង់។
កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក នឹងបន្តបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់ ដោយគ្មានកំណត់ពេលវេលា ទោះបីជាលោកបានសម្រេចបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ក៏ដោយ។

លោកត្រាំបានសរសេរនៅលើបណ្តាញសង្គម Truth Social ថា លោកបានសម្រេចផ្អាកការវាយប្រហារលើអ៊ីរ៉ង់ តាមសំណើរបស់ថ្នាក់ដឹកនាំប៉ាគីស្ថាន ដើម្បីផ្តល់ពេលឲ្យអ៊ីរ៉ង់ដាក់ចេញនូវសំណើឯកភាពមួយ។
យ៉ាងណាក្តី លោកត្រាំបានបញ្ជាឲ្យកងទ័ពអាមេរិកបន្តរក្សាការបិទខ្ទប់ ក៏ដូចជារក្សាការត្រៀមខ្លួនឲ្យបានខ្ជាប់ខ្ជួនជានិច្ច។ បទឈប់បាញ់ដែលហៀបនឹងផុតកំណត់ នឹងត្រូវពន្យារពេលរហូតដល់ក្រុងតេហេរ៉ង់ដាក់សំណើ ហើយកិច្ចពិភាក្សាត្រូវបានបញ្ចប់៕
អត្ថបទ៖ សុខ សុវណ្ណ
