ទីក្រុងម៉ានីល៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងប៉េកាំង លោក Jaime FlorCruz បានបង្ហើបថា ហ្វីលីពីនកំពុងព្យាយាមកសាង «គ្រឹះដ៏រឹងមាំ និងមានស្ថិរភាព» ជាមួយចិនជាថ្មី មុនឈានដល់ការដោះស្រាយបញ្ហាចម្រូងចម្រាសធំៗ ជាពិសេសជម្លោះនៅសមុទ្រចិនខាងត្បូង។
យោងតាមការផ្សាយរបស់ South China Morning Post នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោក FlorCruz បានបញ្ជាក់ថា ភាគីទាំងពីរបានព្រមព្រៀងដើរទៅមុខតាមរបៀប «បោះជំហានសន្សឹមៗ» ដើម្បីស្វែងរកតុល្យភាពថ្មីក្នុងទំនាក់ទំនង ដែលអាចទាយទុកមុនបាន និងមិនរង្គោះរង្គើដូចមុន។ ការលើកឡើងនេះកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Ferdinand Marcos Jr ប្រកាសរៀបចំទំនាក់ទំនងជាមួយចិនឡើងវិញ ចំពេលមានវិបត្តិសកលលោក។
កន្លងមក ភាពតានតឹងរវាងម៉ានីល និងប៉េកាំងបានឡើងកម្ដៅខ្លាំងដោយសារការប៉ះទង្គិចគ្នានៅតាមកោះនានាក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែសញ្ញានៃការធូរស្រាលបានលេចឡើងប៉ុន្មានខែចុងក្រោយនេះ។ ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ហ្វីលីពីន ហើយលោក FlorCruz សង្កត់ធ្ងន់ថា ការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ គឺជាគ្រឹះពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក។ លោកព្រមានថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគួរធ្វើឡើងដើម្បីផលប្រយោជន៍រួម មិនមែនជាឧបករណ៍ដាក់សម្ពាធនយោបាយឡើយ។
កត្តាជំរុញដ៏សំខាន់ គឺវិបត្តិសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់កប់ពពក រហូតហ្វីលីពីនត្រូវប្រកាសអាសន្នផ្នែកថាមពលជាតិ។ ចិនបានចេញមុខផ្ដល់ការធានាជួយផ្គត់ផ្គង់ប្រេងឥន្ធនៈ និងបើកផ្លូវឲ្យមានការពិភាក្សាឡើងវិញអំពីការរុករកថាមពលរួមគ្នានៅសមុទ្រចិនខាងត្បូង។ ទោះជាយ៉ាងណា ការរុករករួមគ្នានេះជារឿងស្មុគស្មាញ និងជាប់ពាក់ព័ន្ធនឹងច្បាប់រដ្ឋធម្មនុញ្ញហ្វីលីពីន តែម៉ានីលបានបង្ហាញជំហរបើកចំហរក្នុងការបន្តពិភាក្សា។
ក្រៅពីថាមពល ហ្វីលីពីនដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំនេះ ក៏កំពុងរុញច្រានឲ្យសម្រេច «ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង» ឲ្យបានត្រឹមដំណាច់ឆ្នាំ២០២៦។ លោក FlorCruz ទទួលស្គាល់ថា នៅមានចំណុចខ្វែងគំនិតគ្នាច្រើន ជាពិសេសឥទ្ធិពលផ្លូវច្បាប់នៃក្រមប្រតិបត្តិ ប៉ុន្តែលោកមើលឃើញថា គ្រប់ភាគីសុទ្ធតែមានភាពបត់បែនជាងមុន និងកំពុងព្យាយាមស្វែងរកចំណុចរួម ដើម្បីធានាសន្តិសុខ និងសន្តិភាពយូរអង្វែងក្នុងតំបន់៕
