រន្ធត់! លេចធ្លាយសារធាតុគីមីពុលនៅរោងចក្រចម្រាញ់ប្រាក់សហរដ្ឋអាមេរិក ស្លាប់២នាក់ របួស៣០នាក់

រន្ធត់! លេចធ្លាយសារធាតុគីមីពុលនៅរោងចក្រចម្រាញ់ប្រាក់សហរដ្ឋអាមេរិក ស្លាប់២នាក់ របួស៣០នាក់

រដ្ឋ West Virginia, សហរដ្ឋអាមេរិក៖ កើតហេតុការណ៍រន្ធត់មួយ នៅពេលដែលការលេចធ្លាយសារធាតុគីមីអំឡុងពេលសម្អាតនៅរោងចក្រកែច្នៃប្រាក់មួយកន្លែង ក្នុងរដ្ឋ West Virginia បានបង្កឱ្យមានប្រតិកម្មគីមីដ៏ខ្លាំងក្លា ដោយបានឆក់យកជីវិតមនុស្សចំនួនពីរនាក់ និងបណ្តាលឱ្យអ្នកផ្សេងទៀតរងរបួសរហូតដល់ទៅ ៣០នាក់ទៀតឯង។

គ្រោះថ្នាក់គីមី

តាមរបាយការណ៍បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅរោងចក្រកែច្នៃប្រាក់ Catalyst Refiners កាលពីថ្ងៃទី ២២ ខែមេសា ខណៈដែលកម្មករកំពុងរៀបចំបិទផ្នែកមួយនៃរោងចក្រដើម្បីធ្វើការសម្អាត។ ក្នុងអំឡុងពេលនោះ អាស៊ីតនីទ្រីក និងសារធាតុគីមីមួយទៀតបានលេចធ្លាយ និងមានប្រតិកម្មគ្នាទៅវិញទៅមក បង្កើតបានជាឧស្ម័ន H2S ដែលមានជាតិពុលខ្ពស់គ្រោះថ្នាក់ដល់អាយុជីវិត។

លោក C. W. Sigman ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខោនធី Kanawha បានពណ៌នាពីស្ថានភាពនេះថា៖ “នេះគឺជាប្រតិកម្មគីមីដ៏ខ្លាំងក្លា ដែលស្ទើរតែមិនអាចគ្រប់គ្រងបានភ្លាមៗនោះទេ។ ការចាប់ផ្តើម និងចុងបញ្ចប់នៃដំណើរការប្រតិកម្មគីមី តែងតែជាពេលវេលាដ៏គ្រោះថ្នាក់បំផុត”។

ក្រុមសង្គ្រោះបន្ទាន់

ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ។ ក្នុងចំណោមអ្នករបួស ៣០នាក់ មានគ្រូពេទ្យសង្គ្រោះបន្ទាន់ចំនួន ៧នាក់ ដែលបានទៅជួយសង្គ្រោះនៅកន្លែងកើតហេតុ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ។ អ្នករបួសម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយភាគច្រើនបានបង្ហាញរោគសញ្ញាផ្លូវដង្ហើមដូចជា ក្អក ដង្ហើមខ្លី ឈឺបំពង់ក និងឈឺភ្នែកជាដើម។

គួរបញ្ជាក់ថា ក្រៅពីអ្នករបួសដែលត្រូវបានដឹកជញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ អ្នកខ្លះបានទៅមន្ទីរពេទ្យដោយរថយន្តផ្ទាល់ខ្លួន ហើយអ្នកខ្លះទៀតថែមទាំងត្រូវបានដឹកជញ្ជូនតាមរថយន្តដឹកសំរាមទៀតផង ដោយសារតែខ្វះរថយន្តសង្គ្រោះគ្រប់គ្រាន់។

បន្ទាប់ពីហេតុការណ៍នេះ អាជ្ញាធរបានចេញបទបញ្ជាមួយឱ្យប្រជាជននៅក្នុងតំបន់ជុំវិញរោងចក្រស្នាក់នៅក្នុងផ្ទះជាបន្ទាន់ ដើម្បីចៀសវាងការស្រូបឧស្ម័នពុល។ បទបញ្ជានេះត្រូវបានលុបចោលវិញនៅវេលាម៉ោង ៥ ល្ងាច ថ្ងៃដដែល បន្ទាប់ពីស្ថានការណ៍បានវិលត្រឡប់មកធម្មតាវិញ៕

administrator

Related Articles