ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ (PM) កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការស្រាវជ្រាវជាបន្តបន្ទាប់ ឈានដល់ការឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ ព្រមទាំងដកហូតបានកាំភ្លើងខ្លី ១ដើម គ្រឿងញៀន និងសម្ភារពាក់ព័ន្ធមួយចំនួនធំ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង។
យោងតាមរបាយការណ៍ នៅវេលាម៉ោង ១០:០០នាទី ថ្ងៃទី២២ មេសា កម្លាំងបានទទួលព័ត៌មានថា មានបុរសជនជាតិចិនម្នាក់សៀតអាវុធខ្លីនៅចង្កេះ នៅចំណុចទល់មុខក្លឹបកម្សាន្តភពដ៏អស្ចារ្យ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសចំនួន ៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន បានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ LI FANG ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ និងដកហូតបានកាំភ្លើងខ្លី ០១ដើមម៉ាក COLT DERENDER SERIES90 ព្រមទាំងគ្រាប់ ០៤គ្រាប់ និងបង់ ០១។

ដោយឡែកនៅវេលាម៉ោង ១២:០០នាទី កម្លាំងជំនាញបានបន្តចុះទៅសណ្ឋាគារ ម៉ីហាវវ៉ាងហ៊្វូ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ឃាត់ខ្លួនជនសង្ស័យបន្ថែម ០២នាក់ទៀត គឺ HU GUOFENG អាយុ ៤៩ឆ្នាំ និង ZHANG ZHIFANG អាយុ ៣០ឆ្នាំ ទាំងពីរនាក់ជាជនជាតិចិន មុខរបរទេសចរណ៍។ វត្ថុតាងដកហូតបានរួមមាន ទូរសព្ទដៃ ០៣គ្រឿង នាឡិកាដៃ ០១គ្រឿង លិខិតឆ្លងដែន ០១ច្បាប់ និងប្រាក់ ៧០០ដុល្លារអាមេរិក។
នៅវេលាម៉ោង ១៣:០០នាទី កម្លាំងជំនាញបានបន្តចុះទៅផ្ទះវីឡាមួយកន្លែង ក្នុងភូមិ៣ សង្កាត់លេខ១ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ YANG YANG អាយុ ៣៦ឆ្នាំ ជនជាតិចិន។ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនមុខ រួមមាន ទូរសព្ទដៃ ០៤គ្រឿង លិខិតឆ្លងដែន បណ្ណបើកបរ អត្តសញ្ញាណបណ្ណ សៀវភៅការងារជនបរទេស កាតផ្សេងៗ ព្រមទាំងគ្រឿងញៀនមួយចំនួន រួមទាំងជ្រុញ វែក និងថង់វេចខ្ចប់គ្រឿងញៀន។

បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញកំពុងបន្តនីតិវិធីចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងជនសង្ស័យទាំង ៤នាក់នេះ។
