ការិយាល័យប្រធានាធិបតីតៃវ៉ាន់បានប្រកាសលុបចោលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក ឡៃ ឈីង-តេ ទៅកាន់ប្រទេសអេស្វាទីនីនៅទ្វីបអាហ្វ្រិក ដោយចោទប្រកាន់ចិនថាបានដាក់សម្ពាធប្រទេសចំនួន៣ឲ្យលុបចោលលិខិតអនុញ្ញាតហោះហើរ។

សន្និសីទសារព័ត៌មានបន្ទាន់មួយត្រូវបានធ្វើឡើងនៅទីក្រុងតៃប៉ិ ដើម្បីប្រកាសពីការលុបចោលដំណើរទស្សនកិច្ចដែលគ្រោងនឹងចូលរួមខួបលើកទី៤០នៃការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ Mswati ទី៣។
អគ្គលេខាធិការការិយាល័យប្រធានាធិបតី លោក Pan Meng-an បានឲ្យដឹងថា ប្រទេស Seychelles, Mauritius និង Madagascar បានលុបចោលលិខិតអនុញ្ញាតហោះហើរដោយគ្មានការព្រមានជាមុន ដោយលោកចោទថាមូលហេតុពិតប្រាកដគឺសម្ពាធពីចិន រួមទាំងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច។

លោក ឡៃ ឈីង-តេ បានសរសេរនៅលើហ្វេសប៊ុកថា សកម្មភាពគាបសង្កត់របស់ចិនបង្ហាញពីការគំរាមកំហែងដល់សណ្តាប់ធ្នាប់អន្តរជាតិ ប៉ុន្តែគ្មានការគំរាមកំហែងណាអាចផ្លាស់ប្តូរការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ក្នុងការចូលរួមជាមួយពិភពលោកឡើយ។
