រឿងរ៉ាវដ៏ក្ដៅគគុកមួយបានកើតឡើងនៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃទី២១ ខែមេសា កន្លងទៅ នៅពេលដែលលោកឧត្តមនាវីឯក Samuel Paparo មេបញ្ជាការកងកម្លាំងអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានចេញមុខដាស់តឿនចំៗទៅកាន់កោះតៃវ៉ាន់ អំពីការយឺតយ៉ាវក្នុងការអនុម័តកញ្ចប់ថវិកាការពារជាតិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ The Strait Times នាថ្ងៃទី២២ ខែមេសា។

លោក Paparo បានសង្កត់ធ្ងន់ក្នុងន័យធៀបយ៉ាងជ្រាលជ្រៅថា សហរដ្ឋអាមេរិកមិនអាចចង់ការពារតៃវ៉ាន់ ខ្លាំងជាងតៃវ៉ាន់ចង់ការពារខ្លួនឯងនោះទេ។ លោកបានប្រៀបធៀបស្ថានភាពនេះទៅនឹងការចិញ្ចឹមសត្វថា វាមិនមែនជារឿងដែលត្រូវមកជជែកគ្នាថាតើមាន់ឬស៊ុតកើតមុននោះទេ ព្រោះថាបើអ្នកបង្អត់បាយមាន់ នោះអ្នកក៏មិនអាចទទួលបានទាំងមាន់ ហើយក៏គ្មានស៊ុតសម្រាប់ហូបដែរ។ ដូច្នេះហើយ ទើបលោកយល់ថា វាជារឿងចាំបាច់បំផុតដែលតៃវ៉ាន់ត្រូវតែបញ្ចេញកញ្ចប់ថវិកាផ្ទាល់ខ្លួន ដើម្បីពង្រឹងវិស័យការពារជាតិឲ្យបានរឹងមាំជាមុនសិន។
ក្រឡេកទៅមើលស្ថានភាពនៅតៃវ៉ាន់វិញ កាលពីឆ្នាំ២០២៥ លោកប្រធានាធិបតី ឡៃ ឈីងតេ បានស្នើសុំកញ្ចប់ថវិកាបន្ថែមរហូតដល់ទៅ ៤០ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន ដែលតែងតែចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ យ៉ាងណាមិញ គម្រោងនេះនៅតែជាប់គាំងនៅក្នុងសភាតៃវ៉ាន់នៅឡើយ ដោយសារតែគណបក្សប្រឆាំង (KMT) ដែលមានអាសនៈភាគច្រើន មិនទាន់យល់ព្រមទាំងស្រុង ហើយបានព្យាយាមស្នើឡើងនូវជម្រើសផ្សេងៗដែលមានតម្លៃទាបជាងនេះ។
ទោះបីជាអាមេរិកមានកាតព្វកិច្ចតាមច្បាប់ក្នុងការជួយតៃវ៉ាន់ឲ្យមានសមត្ថភាពការពារខ្លួន និងកំពុងរៀបចំលក់អាវុធក្នុងតម្លៃប្រមាណ ១៤ពាន់លានដុល្លារបន្ថែមទៀតក៏ដោយ ប៉ុន្តែភាពមិនច្បាស់លាស់នៅក្នុងសភាតៃវ៉ាន់ បានធ្វើឲ្យសមាជិកសភាអាមេរិកជាច្រើនរូបសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង។
ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ សមាជិកសភាអាមេរិកជាច្រើនក្រុមបានផ្ញើលិខិតផង និងធ្វើដំណើរទៅជួបមេដឹកនាំតៃវ៉ាន់ដោយផ្ទាល់ផង ដើម្បីជំរុញឲ្យមានការសម្រេចចិត្តលើរឿងថវិកានេះឲ្យបានឆាប់។ ខាងភាគីគណបក្សប្រឆាំងតៃវ៉ាន់បានអះអាងថា ពួកគេមិនមែនមិនគាំទ្រការការពារជាតិនោះទេ ប៉ុន្តែពួកគេមិនចង់ចុះហត្ថលេខាលើសែកទទេដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ឡើយ ហើយពួកគេក៏ចង់ឲ្យមានការចរចាសន្តិភាពជាមួយទីក្រុងប៉េកាំងទន្ទឹមគ្នានោះដែរ។ ភាពចម្រូងចម្រាសនេះបានធ្វើឲ្យខាងគណបក្សកាន់អំណាចខឹងសម្បារយ៉ាងខ្លាំង ជាពិសេសនៅពេលដែលមេដឹកនាំបក្សប្រឆាំងបានធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសចិន និងបានថ្លែងសារសន្តិភាពថា គេចង់ឃើញសត្វបក្សីហោះហើរលើមេឃ ជាជាងការឃើញគ្រាប់មីស៊ីលហោះកាត់ទៅវិញទៅមក។
