ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើកបររថយន្ត Toyota Vitz បុកក្បាលស្ពានអាកាស ៧ មករា បណ្តាលឲ្យខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចគល់ស្ពានអាកាស ៧ មករា ខាងលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើបានបើកបររថយន្តម៉ាក Toyota Vitz ពាក់ស្លាកលេខ ភ្នំពេញ 2BX-6042 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុរសនេះបាត់បង់ការគ្រប់គ្រង រេចង្កូតទៅបុកនឹងរបាំងថ្មក្បាលស្ពានអាកាស បណ្តាលឲ្យខូចខាតយ៉ាងដំណំ។

គួរឲ្យកត់សម្គាល់ថា ក្រោយពេលបង្កហេតុ អ្នកបើកបរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

ដោយ៖ ចន្ទ លីហ្សា
