ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីការរៀបចំសណ្ដាប់ធ្នាប់ នៅចំណុចក្រោយផ្សារលើខេត្តកំពង់ឆ្នាំង បានស្អាតមួយរយៈខ្លី ស្រាប់តែចាប់តាំងពីអំឡុងពេលចូលឆ្នាំខ្មែរមក ភាពអនាធិបតេយ្យបានកើតឡើងវិញ ។

ទោះយ៉ាងនេះក្តី នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦ អាជ្ញាធរ ខេត្ត ក្រុង បានចុះណែនាំនិងចាត់វិធានការក្តៅជាថ្មី ម្ដងទៀត ចំពោះអាជីវករដែលលក់ដូរអនាធិបតេយ្យនៅលើ ផ្លូវសាធារណៈ ។

លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងស្នងការខេត្ត ចុះអនុវត្តនៅក្នុងផ្សារលើ ចំណុចផ្លូវបំបែកក្រោយផ្សារលើភូមិត្រពាំងបី និងចំណុចលក់ដូរនៅមុខផ្សារឆ្នាំង ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ។

លោក អភិបាលរងក្រុងកំពង់ឆ្នាំងបានបន្ត ថា កិច្ចការងារនេះមិនមែនជាលើកទីមួយនោះទេ កន្លងមកអាជ្ញាធរក្រុងបានហាមឃាត់ និងមានវិធានការរួចហើយដែរ ប៉ុន្តែក្រុមអាជីវករមួយចំនួនហាក់មិនចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរនោះទេ ទើបថ្ងៃនេះយើងចាត់វិធានការក្តៅយ៉ាងតឹងរ៉ឹងចំពោះតូបលក់ដូរ និងសំណង់ផ្សេងៗដែលរំលោភយកចំណីផ្លូវសាធារណៈ ដើម្បីរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន និងកាត់បន្ថយការកកស្ទះចរាចរណ៍។

ក្នុងសកម្មភាពនេះអាជ្ញាធរចុះរុះរើតូបលក់ដូរដែលរំលោភលើចិញ្ចើមផ្លូវ ជាពិសេសនៅតំបន់ទីប្រជុំជន ករណីខ្លះមានការរឹបអូសសម្ភារលក់ដូរ និងទំនិញយកទៅរក្សាទុកបន្ទាប់ពីមានការណែនាំជាច្រើនលើកមិនព្រមអនុវត្តតាម។

គួរបញ្ជាក់ថា អាជ្ញាធរតែងតែជូនដំណឹងជាមុនឱ្យរុះរើដោយខ្លួនឯង មុននឹងឈានដល់ការប្រើវិធានការក្តៅ (ចុះរុះរើ)។ ការដាក់លក់ទំនិញលើផ្លូវធ្វើឱ្យបាត់បង់សោភ័ណភាពក្រុង និងបង្កការស្ទះចរាចរណ៍។

អាជ្ញាធរព្រមានដល់អ្នកដែលយករំលោភចំណីផ្លូវទៅជួលឱ្យអ្នកដទៃលក់ដូរ។ អាជ្ញាធរនឹងបន្តអនុវត្តវិធានការនេះជាបន្តបន្ទាប់ ដើម្បីធានាបាននូវគន្លងផ្លូវថ្មើរជើង និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ៕

