ក្មេងទំនើង ១១ នាក់ ត្រូវឃាត់ខ្លួនក្រោយប្រើហិង្សាវាយបំផ្លាញរថយន្តនៅវត្តភ្នំ

ក្មេងទំនើង ១១ នាក់ ត្រូវឃាត់ខ្លួនក្រោយប្រើហិង្សាវាយបំផ្លាញរថយន្តនៅវត្តភ្នំ

រាជធានីភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួន ១១ នាក់ ដែលបានប្រើហិង្សាវាយនិងគប់បំផ្លាញរថយន្តមួយគ្រឿង បន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃចូលឆ្នាំទី៣ នៅតំបន់វត្តភ្នំ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជាសារធារណៈនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។

ក្មេងទំនើងត្រូវឃាត់ខ្លួន

ក្មេងទំនើងទាំង ១១ នាក់នេះមានអាយុពី ១៧ ទៅ ២០ ឆ្នាំ ដែលរួមមានសិស្ស កម្មករ និងអ្នកលក់ដូរ។ ពួកគេត្រូវបានចោទប្រកាន់ពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស បន្ទាប់ពីបានប្រើដុំថ្ម មួកសុវត្ថិភាព ដៃ ជើង គប់ និងវាយលើរថយន្តម៉ាក AVATAR ០៧ ពណ៌ខ្មៅ។

រថយន្តដែលត្រូវបានបំផ្លាញ

ឧប្បត្តិហេតុនេះបានកើតឡើងនៅមុខហាងម៉ាស្សាយីហោម៉ាយូរ៉ា ផ្លូវលេខ៤៧ ក្រុម១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១៦ ខែមេសា វេលាម៉ោង ១៩:៣០ យប់។ រថយន្តត្រូវបានបំផ្លាញយ៉ាងខ្លាំង ដោយបែកកញ្ចក់គ្រប់ទីកន្លែង និងបាត់ផ្លាកលេខរថយន្ត។

កម្លាំងនគរបាលបានស្រាវជ្រាវចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមេសា មុននឹងឃាត់ខ្លួនជនសង្ស័យទាំងអស់។ សមត្ថកិច្ចបានដករហូតវត្ថុតាងរួមមានដុំថ្ម ៤ ដុំ ផ្លាកលេខរថយន្ត ១ បន្ទះ និងផ្លែដូង ១។

វត្ថុតាងដែលដករហូតបាន

តាមការបញ្ជាក់ពីនគរបាល នៅមានបក្សពួកជនដៃដល់ជាច្រើននាក់ទៀតដែលសមត្ថកិច្ចកំពុងតែស្វែងរកអត់ខ្លួន។ បច្ចុប្បន្ន ជនសង្ស័យទាំង ១១ នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ការបង្ហាញមុខជនសង្ស័យ

ឧប្បត្តិហេតុនេះបានកើតឡើងក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលបង្ហាញពីបញ្ហាអំពើហិង្សាក្នុងចំណោមយុវជនមួយចំនួននៅក្នុងទីក្រុង។

administrator

Related Articles