
ខេត្តកំពង់ស្ពឺ៖ គ្រួសារមួយនៅក្នុងភូមិព្រៃកន្ទ្រុង ឃុំធម្មតាអរ ស្រុកសំរោងទង កំពុងរងគ្រោះដោយភាពអយុត្តិធម៌ និងការធ្វើទុក្ខបុកម្នេញពីក្រុមមនុស្សមួយក្នុងភូមិអស់រយៈពេលជាយូរមកហើយ។

លោក ហុក ខេម៉ា អាយុ ៤៦ឆ្នាំ បានរៀបរាប់ពីរឿងរ៉ាវដ៏ឈឺចាប់ដែលក្រុមគ្រួសាររបស់លោកត្រូវបានគេចោទប្រកាន់ថា”ចេះអំពើអាប-ធ្មប់” បន្ទាប់ពីលោកបានរាយការណ៍ពីបញ្ហាគ្រឿងញៀននៅក្នុងភូមិ។ ក្រោយពីការប្តឹងនោះ ក្រុមបក្ខពួកមួយបានចាប់ផ្តើមធ្វើទុក្ខបុកម្នេញគ្រួសារលោកគ្រប់សព្វបែបយ៉ាង។

ការធ្វើទុក្ខបុកម្នេញរួមមាន៖ លួចបំពុលឆ្កែងាប់ជាច្រើនក្បាល គប់ដុំថ្មដាក់ដំបូលផ្ទះ គប់លាមកចូលផ្ទះ លួចបិទប៉ារ៉ែតភ្លើង និងសូម្បីតែប៉ុនប៉ងមនុស្សឃាតលើរូបលោក។ ជាងនេះទៅទៀត មានការប៉ុនប៉ងប្រើហិង្សាលើកូនស្រីៗ និងប្រពន្ធរបស់លោកផងដែរ។

លោកបានដាក់ពាក្យប្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ និងមេភូមិជាច្រើនលើក ប៉ុន្តែគ្មានដំណោះស្រាយណាមួយទាល់តែសោះ។ សូម្បីតែករណីប៉ុនប៉ងធ្វើឃាតក៏មិនទទួលបានយុត្តិធម៌ដែរ។

ជាចុងក្រោយ ក្រុមគ្រួសាររបស់លោក ហុក ខេម៉ា បានធ្វើការស្នើសុំមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យជួយស្វះស្វែងរកយុត្តិធម៌ដល់គ្រួសារគាត់។ ពួកគាត់សុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយអន្តរាគមន៍ និងរកយុត្តិធម៌ឱ្យពួកគាត់ដែលត្រូវបានគេប្រមាថសព្វបែបយ៉ាងមកលើ។
អត្ថបទសរសេរដោយ អ៊ំ ណូន
កែសម្រួលដោយ ធីតា
