ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុបានអនុវត្តប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន៣កន្លែង និងឃាត់ខ្លួនជនបរទេសសរុប៤៥នាក់។

យោងតាមរបាយការណ៍វឌ្ឍនភាពការងារ កាលពីថ្ងៃទី២១ មេសា ២០២៦ អាជ្ញាធរបានរកឃើញ និងបង្ក្រាបបទល្មើស Online Scams នៅចំនួន៣ទីតាំង ក្នុងចំណោមទីតាំងដែលបានត្រួតពិនិត្យសរុប១៧កន្លែង។

កិច្ចប្រតិបត្តិការបង្ក្រាបតាមទីតាំងនីមួយៗរួមមាន៖
១. ទីតាំងទី១៖ នៅភូមិថ្មធំ សង្កាត់រាម ក្រុងកំពង់សោម ឃាត់ខ្លួនជនជាតិចិន៤នាក់ និងដកហូតកុំព្យូទ័រលើតុ៤គ្រឿង កុំព្យូទ័រយួរដៃ១គ្រឿង ទូរសព្ទដៃ៣៨គ្រឿង។
២. ទីតាំងទី២៖ នៅបឹងហ្គាឡូ សង្កាត់រាម ក្រុងកំពង់សោម ឃាត់ខ្លួនជនបរទេស៣៦នាក់ កុំព្យូទ័រលើតុ១៨គ្រឿង និងទូរសព្ទដៃ៧២គ្រឿង។

៣. ទីតាំងទី៣៖ នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន៥នាក់ កុំព្យូទ័រលើតុ១៣គ្រឿង និងទូរសព្ទដៃ៧គ្រឿង។

សរុបមកក្នុងប្រតិបត្តិការទាំង៣ទីតាំង កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សសរុប៤៥នាក់ និងវត្ថុតាងជាសម្ភារៈបច្ចេកវិទ្យាជាច្រើនគ្រឿង ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។

គិតត្រឹមថ្ងៃទី២១ មេសា ២០២៦ ចំនួនទីតាំងដែលត្រូវបានបង្ក្រាបពាក់ព័ន្ធនឹងបទល្មើសអនឡាញ (Online Scams) ក្នុងខេត្តព្រះសីហនុ បានកើនឡើងដល់៣២ទីតាំង។

ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីថ្ងៃទី០៧ មេសា ២០២៦ ដោយកំណត់ដាក់ទោសជនល្មើសត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់១ជីវិត និងពិន័យជាប្រាក់ដល់ទៅ១០០០លានរៀល។
