កម្លាំងមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយកម្លាំងអាវុធហត្ថខេត្ត បានបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើខុសច្បាប់មួយគ្រឿង នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ចំណុចបង្គោលលេខ៧២ ត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង។

លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថា បន្ទាប់ពីទទួលបានការរាយការណ៍ពីពលរដ្ឋភ្លាម លោកបានសុំគោលការណ៍ពីអភិបាលខេត្ត និងស្នើកម្លាំងអន្តរគមន៍ពីកងរាជអាវុធហត្ថ រួមជាមួយកម្លាំងជំនាញបរិស្ថាន ដេញស្ទាក់ និងឃាត់ចាប់បានរថយន្តដឹកឈើពេញចេញពីភូមិសាស្ត្រខេត្តព្រះវិហារឆ្ពោះទៅខេត្តកំពង់ធំ។

បច្ចុប្បន្ន មន្ត្រីជំនាញកំពុងរៀបចំបញ្ជូនវត្ថុតាងទៅរក្សាទុកនៅស្នាក់ការបរិស្ថានអូរពោធិ៍ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ចំពោះអ្នកពាក់ព័ន្ធ។ លោក មឿន សុភេទ ថ្លែងអំណរគុណចំពោះអ្នកផ្តល់ព័ត៌មានជូនសមត្ថកិច្ចទាន់ពេលវេលា។

សូមជម្រាបថា មួយរយៈនេះមានក្រុមឈ្មួញនាំគ្នាលួចកាប់ឈើធំៗក្នុងតំបន់អភិរក្សសត្វព្រៃព្រះរកា ហើយត្រូវបានមន្ត្រីជំនាញបង្ក្រាបបានមួយចំនួន។ ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ បានស្នើដល់សមត្ថកិច្ចឲ្យចាត់វិធានការបង្ក្រាបឲ្យបានតឹងតែង និងតម្លាភាព។

ព្រៃព្រះរកា មានផ្ទៃដីប្រមាណ ៩៦០០០ហិកតា ស្ថិតក្នុងស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
