ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានក្លាយជាចំណុចចរាចរណ៍ដ៏មមាញឹក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ២០២៦នេះ ដោយរបាយការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បង្ហាញថា ក្នុងរយៈពេល១សប្តាហ៍ (ថ្ងៃទី១៣-១៩ ខែមេសា) មានអ្នកដំណើរអន្តរជាតិចេញ-ចូលជាង ១០០,០០០នាក់។

ក្នុងចំណោមអ្នកដំណើរសរុប មានជនបរទេសជាង ៣៤,០០០នាក់ ដោយអ្នកដំណើរចូលមានជាង ៥ម៉ឺននាក់ ក្នុងនោះជនបរទេសជាង ៣ម៉ឺននាក់។ ទេសចរអន្តរជាតិបានសម្តែងក្តីរីករាយដែលបានចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យប្រពៃណីខ្មែរ។
មន្ត្រីនគរបាលអន្តោប្រវេសន៍បានឱ្យដឹងថា អាណិកជនខ្មែរ និងបរទេសដែលធ្វើដំណើរចេញទៅប្រទេសគេវិញ បានថ្លែងបទពិសោធន៍ដើរកម្សាន្តសប្បាយរីករាយ និងប្រាថ្នាចង់មកលេងបុណ្យចូលឆ្នាំខ្មែរម្តងទៀតនៅឆ្នាំក្រោយៗទៀត។ ពួកគេបានរៀបរាប់ពីការដើរកម្សាន្តតាមគោលដៅទេសចរណ៍ជាច្រើន ឃើញប្រជាពលរដ្ឋតុបតែងផ្ទះស្អាត លេងល្បែងប្រពៃណី និងបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរ ក្រោមម្លប់សន្តិភាព សុវត្ថិភាព និងផ្លូវថ្នល់ទំនើប។

មន្ត្រីដដែលបន្តថា ចំនួនអ្នកដំណើរនេះបានកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងសប្តាហ៍ធម្មតាដែលគ្មានព្រឹត្តិការណ៍បុណ្យជាតិ។
លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃបុណ្យ (ថ្ងៃទី១៤-១៦ ខែមេសា) អាកាសយានដ្ឋានអន្តរជាតិតេជោបានទទួលជើងហោះហើរសរុបជិត ៣៥០ជើង និងអ្នកដំណើរជិត ៤ម៉ឺននាក់ ដែលឆ្លុះបញ្ចាំងពីកំណើនទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់។
ដោយ៖ តារា
