ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអំពាវនាវដល់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ ត្រូវពង្រឹងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

លោកបានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ថ្មីនេះ ជូនដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌នៅទូទាំងប្រទេស កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំតុលាការកំពូល មហាអយ្យការ ក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការគ្រប់ជាន់ថ្នាក់ប្រមាណជិត ៣,០០០ រូប តាមរយៈប្រព័ន្ធ Zoom។
កិច្ចប្រជុំនេះមានគោលបំណងធានាឱ្យមានការឯកភាពគ្នាលើគោលជំហរ ទស្សនៈ និងខ្លឹមសារនៃច្បាប់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ថ្មីនេះ។

សូមជម្រាបថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ និងចូលជាធរមាននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ ច្បាប់នេះមាន ៥ជំពូក និង ២៤មាត្រា កំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការពារសន្តិសុខសាធារណៈ។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសំណូមពរដល់សាលាជម្រះក្តី និងអយ្យការទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់តាមរយៈ៖ (១) ការផ្តល់កិច្ចសហការពេញលេញដល់អាជ្ញាធរមានសមត្ថកិច្ច, (២) ព្រះរាជអាជ្ញាត្រូវពង្រឹងតួនាទីគន្លឹះក្នុងការដឹកនាំ និងសម្របសម្រួលប្រតិបត្តិការ, និង (៣) ត្រូវផ្តន្ទាទោសជនល្មើសឱ្យបានតឹងរ៉ឹង ព្រមទាំងប្រមូល និងរឹបអូសទ្រព្យសម្បត្តិដែលកើតចេញពីបទល្មើសនេះ។

គួរបញ្ជាក់ថា ច្បាប់នេះកំណត់ការផ្តន្ទាទោសខ្ពស់បំផុតដល់ ការជាប់ពន្ធនាគារអស់មួយជីវិត និង ពិន័យជាប្រាក់ដល់ទៅ ១ ពាន់លានរៀល ព្រមទាំងរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ។ នេះជារបៀបវារៈគោលនយោបាយ និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕
