ភ្នំពេញ៖ ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់មិនបានប៉ុន្មានម៉ោង កងឆ្មាំបដិវត្តឥស្លាម (IRGC) បានបាញ់ប្រហារលើកប៉ាល់ដឹកកុងតឺន័រជាបន្តបន្ទាប់នៅច្រកសមុទ្រ Hormuz។

តាមការផ្សាយរបស់ RTE ដែលដកស្រង់ទិន្នន័យពី UKMTO ក្នុងថ្ងៃពុធទី២២មេសា កប៉ាល់ពាណិជ្ជកម្ម៣គ្រឿងត្រូវបានវាយប្រហារ ដោយ២គ្រឿងជារបស់លីបេរីយ៉ា និង១គ្រឿងរបស់ប៉ាណាម៉ា។
កប៉ាល់លីបេរីយ៉ាគ្រឿងទី១ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅចម្ងាយ១៥ម៉ាយសមុទ្រ ភាគឦសានអូម៉ង់ ដោយគ្រាប់កាំភ្លើងនិងរ៉ុកកែត RPG។ កងនាវារាយការណ៍ថា ទូកល្បឿនលឿន IRGC បានចូលមកក្បែរហើយបើកការបាញ់ប្រហារដោយគ្មានការព្រមាន។

កប៉ាល់ទី២ដោតទង់ប៉ាណាម៉ាត្រូវបាញ់ប្រហារនៅចម្ងាយ៨ម៉ាយសមុទ្រ ខាងលិចអ៊ីរ៉ង់ ប៉ុន្តែមិនមានការខូចខាត។ កប៉ាល់លីបេរីយ៉ាគ្រឿងទី៣ក៏ត្រូវវាយប្រហារដែរ នៅពេលធ្វើដំណើរចេញពីច្រកសមុទ្រ។
សកម្មភាពនេះកើតឡើងក្រោយការប្រកាសរបស់ប្រធានាធិបតីត្រាំដែលស្នើឱ្យមានការឈប់បាញ់ បង្ហាញពីភាពតានតឹងនៅតំបន់យុទ្ធសាស្ត្រនេះ។

អត្ថបទ៖ សុខ សុវណ្ណ
