សង្រ្គាមរវាងអាមេរិក និងអ៊ីរ៉ង់កំពុងរំខានដល់សង្វាក់ផ្គត់ផ្គង់សកល ដែលធ្វើឲ្យតម្លៃស្រោមអនាម័យអាចនឹងកើនឡើងពី ២០ ទៅ ៣០% នេះបើតាមនាយកប្រតិបត្តិក្រុមហ៊ុន Karex ដែលជាក្រុមហ៊ុនផលិតស្រោមអនាម័យធំជាងគេលើពិភពលោក។
លោក Goh Miah Kiat បានឲ្យដឹងថា ការបិទខ្ទប់ផ្លូវទឹកនៅច្រកសមុទ្រហ័រមូស បានរារាំងការដឹកជញ្ជូនវត្ថុធាតុដើមសំខាន់ៗ ដូចជាប្រេងស៊ីលីកូន និងអាម៉ូញាក់ ដែលជាគ្រឿងផ្សំមិនអាចខ្វះបានក្នុងការផលិតស្រោមអនាម័យ។ ក្រុមហ៊ុន Karex ដែលមានមូលដ្ឋាននៅម៉ាឡេស៊ី ផលិតស្រោមអនាម័យជាង ៥ពាន់លានក្នុងមួយឆ្នាំ សម្រាប់នាំចេញទៅ ១៣០ប្រទេស។
បច្ចុប្បន្ននេះ ស្រោមអនាម័យរាប់លានកំពុងជាប់គាំងនៅលើកប៉ាល់កណ្តាលសមុទ្រ ដោយសារតែវិបត្តិសង្រ្គាម។ ក្រៅពីនេះ ការឡើងថ្លៃប្រេងសាំងនៅកម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម ក៏កំពុងធ្វើឲ្យកម្មកររោងចក្រជួបការលំបាកក្នុងការធ្វើដំណើរទៅធ្វើការ ដែលអាចបណ្តាលឲ្យសង្វាក់ផលិតកម្មទាំងមូលយឺតយ៉ាវថែមទៀត។
