បុគ្គលិកហាងខារ៉ាអូខេវាយយុវជនច្រឡំថាជាក្មេងស្ទាវ ត្រូវនគរបាលឃាត់ខ្លួន៧នាក់

បុគ្គលិកហាងខារ៉ាអូខេវាយយុវជនច្រឡំថាជាក្មេងស្ទាវ ត្រូវនគរបាលឃាត់ខ្លួន៧នាក់

ភ្នំពេញ៖ បុគ្គលិកហាងខារ៉ាអូខេ «សម្រស់រាជនីព្រែកជ្រៃ» ចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្តិ៍ស្ពានថ្ម ហៅទៅបំភ្លឺ រួចក៏ធ្វើការឃាត់ខ្លួនចាត់ការតាមច្បាប់ ក្រោយពីជនទាំងនេះព្រួតគ្នាវាយទៅលើយុវជន២នាក់ ដោយច្រឡំស្មានថាជាក្រុមក្មេងស្ទាវដែលគប់ដុំថ្មចូលហាង។

ការឃាត់ខ្លួនបុគ្គលិកហាងខារ៉ាអូខេ

ការឃាត់ខ្លួននោះ បានធ្វើឡើងវេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ជនសង្ស័យទាំង៦នាក់រួមមាន៖ ពៅ វិសាល (២៣ឆ្នាំ), ហ៊ុន សំណាង (២១ឆ្នាំ), ហេង ប៊ុនហេង (១៨ឆ្នាំ), អ៊ុក វីរៈ (២៦ឆ្នាំ), ប៊ិន ភាវី (១៩ឆ្នាំ) និង ធី ណារិន (១៩ឆ្នាំ)។

ដោយឡែក២នាក់ទៀតឈ្មោះ តុក និង រតនា កំពុងរត់គេចខ្លួន។ ជនសង្ស័យទាំងអស់នេះជាបុគ្គលិកហាងខារ៉ាអូខេ សម្រស់រាជនីព្រែកជ្រៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម។

ទីតាំងហេតុការណ៍

យុវជនរងគ្រោះម្នាក់ឈ្មោះ ឯក ពិសី (២១ឆ្នាំ) រងរបួសបែកចិញ្ចើម, ភ្នែកខាងឆ្វេងនិងបែកមាត់។ រីឯម្នាក់ទៀត ឈ្មោះ ទ្រី ម៉េងលាង (២១ឆ្នាំ) រងរបួសចំក្បាល, បែកចុងចិញ្ចើមខាងឆ្វេង, ភ្នែកខាងឆ្វេង, ចំឆ្អឹងជំនីរ និងបែកមាត់។

នគរបាលបានប្រាប់ថា ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ យុវជនទាំងពីរបានជិះម៉ូតូពីកោះនរា ទៅវត្តអង្គរុន ខេត្តតាកែវ ហើយត្រលប់មកភ្នំពេញ។

នៅពេលជិះដល់រង្វង់មូលកួរស្រូវ មានក្មេងស្ទាវប្រមាណ២០នាក់ជិះម៉ូតូ១០គ្រឿងដេញតាម រួចយកខ្សែក្រវាត់វាយទៅលើពួកគេ។ ក្មេងស្ទាវបានគប់ដុំថ្មចូលហាងខារ៉ាអូខេ រួចគេចខ្លួន។ ក្រោយមក នៅពេលយុវជនទាំងពីរត្រលប់មកវិញ បុគ្គលិកហាងខារ៉ាអូខេបានច្រឡំស្មានថាពួកគេជាក្រុមក្មេងស្ទាវ ហើយព្រួតគ្នាវាយដោយប្រើដុំថ្ម។

ជនសង្ស័យបានសារភាពថា ពួកគាត់មានគ្នា៨នាក់ ពិតជាបានធ្វើសកម្មភាពប្រើដុំថ្ម គប់ និងវាយទៅលើជនរងគ្រោះទាំងពីរនាក់ ដោយសារតែយល់ច្រឡំ។ នគរបាលកំពុងតាមចាប់២នាក់ទៀតដែលគេចខ្លួន។

administrator

Related Articles