ភ្នំពេញ៖ អាជ្ញាធរខណ្ឌ៧មករា បានចុះបិទទីតាំងល្បែងស៊ីសងខុសច្បាប់យ៉ាងធំមួយកន្លែង ដែលកំពុងបើកដំណើរការយ៉ាងកក្រើកនៅក្លឹបបាល់ទះផ្សារដេប៉ូ ដែលគេស្គាល់ថាជាកម្មសិទ្ធិរបស់ឧកញ៉ា លី ឈុនអ៊ូ។

ទីតាំងនេះស្ថិតនៅផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ដែលបានក្លាយជាសំបុកល្បែងស៊ីសងខុសច្បាប់ស្ទើរគ្រប់ប្រភេទ។ ប្រជាពលរដ្ឋក្នុងតំបន់បានចោទប្រកាន់ថា ទីតាំងនេះបានបើកដំណើរការយូរមកហើយ ដោយគ្មានការជ្រៀតជ្រែកពីអាជ្ញាធរ។

លោកអភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងចម្រុះចុះទៅបិទទីតាំងខាងលើ បន្ទាប់ពីមានការចោទប្រកាន់ពីសាធារណជន។ សកម្មភាពនេះកើតឡើងក្រោយពីមានការអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យទីតាំងនេះ។

គួររំលឹកថា ឯកឧត្ដម ឃួង ស្រេង បានដាក់ផែនការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងជល់មាន់ ប៊ៀរ អាប៉ោង កន្ទុយលេខ និងឆ្នោតឡូតូ ឱ្យអស់នៅចុងខែមីនា ២០២៦។

សកម្មភាពចុះបិទទីតាំងល្បែងស៊ីសងនេះ ត្រូវបានអ្នកភូមិសង្កេតឃើញថាជាជំហានវិជ្ជមានក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ដែលកំពុងរីករាលដាលនៅក្នុងរាជធានីភ្នំពេញ។

