ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង បានចុះបង្ក្រាបសំបុកឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នៅក្នុងកាស៊ីណូថាយថិនឃីង ក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៣នាក់ ក្នុងអំឡុងពេលរសៀលថ្ងៃទី២០ មេសា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងក្រោយពីទទួលបានការរាយការណ៍ពីអ្នកគ្រប់គ្រងកាស៊ីណូថាយថិនឃីង ដោយលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញចុះសហការត្រួតពិនិត្យ និងឈានដល់ការបង្ក្រាបជាក់ស្តែង។

កម្លាំងសមត្ថកិច្ចបានរកឃើញសកម្មភាពឆបោកនៅក្នុងបន្ទប់ចំនួន២បន្ទប់ ហើយបានដកហូតសម្ភារបច្ចេកទេសជាច្រើន រួមមានកុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ និងសម្ភារបច្ចេកទេសផ្សេងៗទៀត។

ប្រតិបត្តិការនេះគឺជាការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអនុក្រឹត្យលេខ០៣ និងបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់របស់វិស័យឯកជនក្នុងការសហការជាមួយអាជ្ញាធរ។

បច្ចុប្បន្ន ជនសង្ស័យទាំង២៣នាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ដោយ៖ សុថាន



